អ៊ីរ៉ង់៖ ក្រុមមន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានលើកឡើងថា កិច្ចពិភាក្សានៅទីក្រុងវីយែនប្រទេសអូទ្រីស ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអែរឡើងវិញរបស់អ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ ដោយបង្កើនក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ។

ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Bagheri Kani បាននិយាយកាលពីថ្ងៃពុធថា ភាគីនានានៅក្នុងរដ្ឋធានីអូទ្រីស "កាន់តែខិតជិតជាងពេលណាៗទាំងអស់" ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ ចំណែកនៅក្នុងទីក្រុងវ៉ាស៊ីនតោនវិញ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថា ប៉ុន្មានថ្ងៃខាងមុខនឹងសម្រេចថា តើកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) អាចត្រូវបានស្ដារឡើងវិញ ឬអត់។
លោក Price បាននិយាយថា ដូចដែលខ្ញុំធ្លាប់បាននិយាយពីមុនអញ្ចឹងថា ការវាយតម្លៃរបស់យើងគឺថា យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដែលជាការចរចាដ៏ស្មុគស្មាញជាមួយភាគីពាក់ព័ន្ធសំខាន់ៗនៅទីនេះ។ គួររម្លឹកថា កាលពីដើមខែនេះក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានបន្តការចរចាដោយប្រយោលនៅក្នុងទីក្រុងវីយែន ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃការចរចាចំនួន ៨ជុំ៕
អត្ថបទ៖ សុខមាន