ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងញូវដែលី លោក Denis Alipov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASSថា រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេដល់ប្រទេសឥណ្ឌា ទោះបីជាមានឧបសគ្គ ពីលោកខាងលិចក្តី ដោយត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ការទិញធនធានថាមពលចំពោះសាធារណរដ្ឋអាស៊ីខាងត្បូងនេះ។
លោកបាននិយាយថា៖«ទោះបីជានៅមានឧបសគ្គពីលោកខាងលិចក្តី ក៏យើងនៅតែជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេដល់ឥណ្ឌា ដែលមានហ៊ុនទីផ្សារជាង ៣០% ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្តល់លក្ខខណ្ឌអំណោយផលបំផុតដល់ទីក្រុងញូវដែលី»។

លោកបានលើកឡើងថា៖«ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ជាការពិតណាស់ អាចមានឥទ្ធិពលលើការចែកចាយឡើងវិញនូវលំហូរអ៊ីដ្រូកាបូន ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌា លទ្ធភាពសេដ្ឋកិច្ច នៅតែជាអាទិភាពជានិច្ច។ យើងសន្មតថា រុស្ស៊ីនឹងរក្សាឋានៈរបស់ខ្លួន ជាអ្នកផ្គត់ផ្គង់ថាមពលសំខាន់មួយ ដល់សាធារណរដ្ឋអាស៊ីខាងត្បូង ដោយសហគ្រិនអាចកែសម្រួលទម្រង់ទំនាក់ទំនង ដែលមានស្រាប់ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន»។ លោកបានបញ្ជាក់ថា តម្រូវការប្រេង នឹងកើនឡើងតែ ដោយត្រូវបានគេរំពឹងថា នឹងកើនឡើង ៣៧% នៅក្នុងប្រទេសឥណ្ឌា នៅត្រឹមឆ្នាំ ២០៣៥។ នេះបើតាមទីភ្នាក់ងារថាមពលអន្តរជាតិ៕
