ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងបង្កើនការជំរុញមួយទៀត ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមសាកល្បងក្របខ័ណ្ឌសន្តិភាពថ្មីមួយ ដែលបានបង្កឲ្យមានការមិនសប្បាយចិត្តរួចហើយ ក្នុងចំណោមមន្ត្រីអ៊ុយក្រែន។
ប្រភពមួយនៅក្នុងការិយាល័យប្រធានាធិបតី បានប្រាប់សារព័ត៌មាន Kyiv Independent ថា ផែនការសន្តិភាពថ្មីមួយ កំពុងត្រូវបានរៀបចំឡើងដោយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff ដែលបានទាក់ទងដោយផ្ទាល់ជាមួយលោក Kirill Dmitriev ដែលជាអ្នកចរចាសេដ្ឋកិច្ចជាន់ខ្ពស់របស់រុស្ស៊ី។

ប្រភពរបស់សារព័ត៌មាន Axios នៅក្នុងរដ្ឋបាលរបស់លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងផ្ដល់ព័ត៌មានដល់តំណាង មកពីអ៊ុយក្រែន និងអឺរ៉ុបរួចហើយ ពាក់ព័ន្ធនឹងផែនការនេះ។
ទីក្រុងវ៉ាស៊ីនតោនបានផ្តល់សញ្ញាថា អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងទទួលយកក្របខ័ណ្ឌ ដើម្បីបញ្ចប់សង្រ្គាមដែលនឹងតម្រូវឲ្យទីក្រុងគីវព្រមលះបង់ដែនដី និងបោះបង់ចោលប្រព័ន្ធអាវុធមួយចំនួន។ សំណើដែលតាមសេចក្ដីរាយការណ៍ ក៏រួមបញ្ចូលផងដែរនូវការកាត់បន្ថយកងទ័ពរបស់អ៊ុយក្រែន ក្នុងចំណោមការធ្វើសម្បទានដទៃទៀត។
ប្រភពមួយនៅក្នុងការិយាល័យប្រធានាធិបតី បានបង្ហាញភាពមិនពេញចិត្ត ចំពោះផែនការដែលអាចកើតមាន នៅពេលនិយាយទៅកាន់សារព័ត៌មាន Kyiv Independent ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកក្របខ័ណ្ឌមួយដែលទោរទន់ទៅតាមការទាមទាររបស់ទីក្រុងមូស្គូ។
ក្នុងអំឡុងកិច្ចចរចាកន្លងមក វិមានក្រឹមឡាំងបានបន្ធូរបន្ថយការទាមទារខ្ពស់បំផុតមួយចំនួនរបស់ខ្លួន ដោយកំណត់ផ្ដោតតែលើការធ្វើសម្បទានដែនដី ពីអ៊ុយក្រែន។ តែយ៉ាងណាក្ដី ការទាមទារ ដែលពីមុនត្រូវបានទម្លាក់ចោល ហាក់បីដូចជាកំពុងត្រឡប់មកវិញហើយ៕
