ក្រុមយុទ្ធនាការពិភពលោក គឺអង្គការ Oxfam នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) នេះ បានលើកឡើងថា មហាសេដ្ឋីក្នុងប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ រកបានចំណូល ២,២សែនកោដិដុល្លារ ក្នុងឆ្នាំ២០២៤ ដែលនឹងគ្រប់គ្រាន់ ក្នុងការជួយឲ្យប្រជាជនក្រីក្រទាំងអស់របស់ពិភពលោកងើបចេញពីភាពក្រីក្របាន។
អង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ បានជំរុញឲ្យកិច្ចប្រជុំកំពូលនាចុងសប្តាហ៍នេះនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗដ៏មានឥទ្ធិពលទាំង ២០ (G20) គាំទ្រគំនិតផ្តួចផ្តើមរបស់ម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូង ដើម្បីដោះស្រាយវិសមភាពទ្រព្យសម្បត្តិពិភពលោក និងបំណុលដ៏ធំដែលបំផ្លាញប្រទេសកំពុងអភិវឌ្ឍន៍។

ដោយផ្អែកលើតួលេខ នៅក្នុងបញ្ជីឈ្មោះរបស់ទស្សនាវដ្ដី Forbes អង្គការនេះបានឲ្យដឹងថា មហាសេដ្ឋីក្នុងប្រទេសចំនួន ១៩ ដែលជាផ្នែកមួយនៃក្រុមនេះ រកបានចំណូល ២,២សែនកោដិដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈដែលទ្រព្យសម្បត្តិរួមរបស់ពួកគេ បានកើនឡើងដល់ ១៥,៦សែនកោដិដុល្លារ។
អង្គការនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការចំណាយប្រចាំឆ្នាំ ដើម្បីជួយប្រជាជន ៣,៨ពាន់លាននាក់ដែលបច្ចុប្បន្នរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ គឺ ១,៦៥សែនកោដិដុល្លារ»។
ជាមួយគ្នានេះ អង្គការ Oxfam បានគាំទ្រនូវអនុសាសន៍ដែលអាហ្រ្វិកខាងត្បូង នឹងបង្ហាញដល់កិច្ចប្រជុំកំពូល នាថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ក្នុងការបង្កើតក្រុមអន្តរជាតិ ដើម្បីដោះស្រាយវិសមភាពតាមរបៀបតែមួយដែលក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ធ្វើការលើការគំរាមកំហែងពីការឡើងកម្ដៅផែនដី៕


