ប្រទេសចំនួន ៥១ កាលពីថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) បានឲ្យដឹងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អាចដើរតួនាទី ក្នុងការផ្តល់ជំនួយបន្ទាន់ និងរយៈពេលវែងដល់រដ្ឋប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសដែលរួមមានទួរគី ចក្រភពអង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងចិន បានលើកឡើងថា IAEA គឺជាស្ថាប័នមានសិទ្ធិអំណាច ដែលអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ជំនួយបន្ទាន់ និងរយៈពេលវែងដល់រដ្ឋប៉ាឡេស្ទីន ដើម្បីជួយសម្រួលដល់ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានអានដោយលោក Levent Eler តំណាងអចិន្ត្រៃយ៍របស់ទួរគី ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន ប្រទេសអូទ្រីស អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា IAEA អាចចូលរួមចំណែកក្នុងការដោះស្រាយតម្រូវការរបស់រដ្ឋប៉ាឡេស្ទីន ក្នុងវិស័យនានា ដូចជាឱសថនុយក្លេអ៊ែរ (ការប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីថែទាំសុខភាព) ការធ្វើតេស្តដោយគ្មានការបំផ្លិចបំផ្លាញ និងការវាយតម្លៃលើការបំពុលដី ខ្យល់ និងទឹក។
ជាមួយគ្នានេះ ប្រទេសទាំងនោះក៏បានស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះ នៅតំបន់ហ្កាហ្សា ហើយបានជំរុញឲ្យភាគីទាំងអស់គោរព និងអនុវត្តតាមកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួន៕


