បាល់ទាត់៖ លោក សូ ភារិទ្ធិ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់កុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២២ ដោយលោកបានចាត់ទុកនេះគឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ដើម្បីផ្ដល់ឱកាសឲ្យកុមារ និងយុវជនបានចូលរួមលេងកីឡា។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកបានចូលរួមបើកការប្រកួតជម្រុះពានរង្វាន់ AIA-ISF Youth League 2022 ប្រចាំខេត្តកំពតនៅទីលានក្លិបបាល់ទាត់ X-Sport កាលពីចុងសប្ដាហ៍កន្លងទៅដោយមានកីឡាករ ១៥ក្រុមស្មើនឹង ១៨០នាក់ចូលរួម។ មន្ដ្រីជាន់ខ្ពស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតដដែលបានលើកឡើងថា ការប្រកួតនេះគឺជាការផ្ដល់ឱកាសឲ្យកុមារ និងយុវជនបានចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីទទួលបានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ស្របទៅនឹងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ» ក្នុងយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ខេត្តកំពតគឺជាគោលដៅទី២ ក្នុងចំណោមរាជធានី-ខេត្តទាំង ៤ ដែលអង្គការផ្កាយសមុទ្រត្រូវរៀបចំការប្រកួត AIA-ISF Youth League ឆ្នាំនេះ ក្រោយចាប់ផ្ដើមពីរាជធានីភ្នំពេញកាលពីដើមខែកុម្ភៈកន្លងទៅ។
សម្រាប់ការប្រកួតនៅខេត្តកំពតនឹងធ្វើឡើងរយៈពេ ល ៤សប្ដាហ៍ជាប់គ្នាដើម្បីចម្រាញ់ក្រុមខ្លាំងចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រ AIA-ISF Grand Championship League នាខែសីហា ឆ្នាំ២០២២ ខាងមុខ។ អ្នកស្រី ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្របានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលអង្គការ និងក្រុមហ៊ុន AIA Cambodia បានសហការគ្នាពង្រីកការរៀបចំព្រឹត្តិការណ៍នេះកាន់តែធំ រហូតដល់ ៤រាជធានី-ខេត្តដើម្បីផ្ដល់ឱកាសឲ្យកុមារ និងយុវជនមកពីគ្រប់តំបន់បានចូលរួម និងបង្ហាញសមត្ថភាព។ លើសពីនេះក៏មានការចូលរួមពីអ្នកផ្ទុកមេរោគ HIV និងជនពិការភ្នែក ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានចូលរួមសកម្មភាពកីឡា និងសកម្មភាពសង្គមដោយស្មើភាពដូចអ្នកធម្មតាផងដែរ៕
អត្ថបទ៖ លី ឈុនឡា