ទួរគីបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសស៊ីរីកាលពីថ្ងៃពុធ បន្ទាប់ពីការផ្អាកអស់រយៈពេល ១៣ ឆ្នាំ ដែលជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើឲ្យទំនាក់ទំនងការទូតរវាងទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស មានប្រក្រតីភាពឡើងវិញ។
យោងតាមក្រឹត្យប្រធានាធិបតីរបស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip) Erdogan ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានផ្លូវការ លោក Nuh Yilmaz អនុរដ្ឋមន្ត្រីការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសទួរគីប្រចាំទីក្រុងដាម៉ាស។

នេះគឺជាការតែងតាំងឯកអគ្គរដ្ឋទូតលើកដំបូង ចាប់តាំងពីប្រទេសទួរគី បានបិទស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីស៊ីរី នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១២។ ទួរគីក៏បានបន្តប្រតិបត្តិការការទូត នៅស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុងអាឡិបប៉ូ ដែលជាទីក្រុងធំទី២ របស់ប្រទេសស៊ីរី បន្ទាប់ពីផ្អាកអស់រយៈពេល ១៣ ឆ្នាំ។
លោក Nuh Yilmaz បានបម្រើការនៅអង្គការស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសទួរគី ចាប់ពីខែសីហា ឆ្នាំ ២០១៣ ដល់ខែមិថុនា ឆ្នាំ ២០២៣។ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤៕
