នាយករដ្ឋមន្ត្រីនេប៉ាល់ បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងសកម្មជនវ័យក្មេង និងអ្នកស្មោះត្រង់នៃអតីតគណបក្សកាន់អំណាច ដែលត្រូវបានផ្តួលរំលំនៅ ក្នុងការបះបោរដ៏សាហាវមួយ កាលពីខែកញ្ញា។
នគរបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាពស្ងប់ស្ងាត់ បានវិលត្រឡប់មកវិញ នៅក្នុងទីក្រុងស៊ីម៉ារ៉ា ដែលជាទីក្រុងមួយ នៅក្នុងស្រុកបារ៉ាភាគខាងត្បូងប្រទេសនេប៉ាល់ ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ (៦២ ម៉ាយ) ភាគខាងត្បូងនៃទីក្រុង Katmandu មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមបាតុករគូ ប្រជែង។

យ៉ាងហោចណាស់មនុស្ស ៧៦នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាតុកម្ម នៅថ្ងៃទី ០៨ និងទី ០៩ ខែកញ្ញា ដែលបង្កឡើងដោយកំហឹងចំពោះការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាលមួយរយៈខ្លី និងដឹកនាំដោយក្រុមបាតុករ មានឈ្មោះថា «Gen Z»។
សមាជិកក្រុម Gen Z និងអ្នកគាំទ្រគណបក្សកុម្មុយនិស្តនេប៉ាល់របស់លោក KP Sharma Oli ដែលជាគណបក្សម៉ាកនិយម លេនីននិយមបង្រួបបង្រួម (CPN-UML) បានធ្វើបាតុកម្ម នៅទីក្រុងស៊ីម៉ារ៉ា កាលពីថ្ងៃពុធ។
ការប៉ះទង្គិចគ្នា បានផ្ទុះឡើង ដោយខ្លះនៅជិតអាកាសយានដ្ឋាន ដែលបានជំរុញឲ្យអាជ្ញាធរដាក់ចេញនូវបម្រាមគោចរ៕
