បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានបោះជំហ៊ានដ៏សំខាន់មួយទៀតក្នុងការឈានជើងទៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីជ័យជំនះនៅទឹកដី Inter Milan ២-០ យប់មិញ។ ក្រុមជើងឯកឆ្នាំ២០១៩ Liverpool មើលទៅទំនងជាស្មើទៅហើយនៅទឹកដីអ៊ីតាលី មុនពេលដែលខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino តែតបញ្ចូនទីនាំមុខនៅនាទីទី៧៥។

ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ជាអ្នកសំរេចគ្រាប់ទីពីរនៅនាទីទី៨៣ មានន័យថា ក្រុមរបស់លោក Jurgen Klopp កាន់គ្រាប់ចំនេញក្រៅដីដល់ទៅ ២គ្រាប់មុនត្រលប់ទៅទឹកដី Anfield វិញនៅថ្ងៃទី៨ ខែមិនា។ តែ Liverpool ក៏មានរឿងសោកស្តាយដែរ នៅពេលខ្សែប្រយុទ្ធព័រទុយហ្កាល់ដែលកំពុងមានទំរង់លេងល្អ Diogo Jota មានរបួសដែលត្រូវផ្លាស់ចេញជំនួសដោយ Roberto Firmino នោះ។ ងាកមកការប្រកួតមួយគូទៀត ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ធ្វើដំណើរទៅទឹកដីអូទ្រីសរបស់ RB Salzburg បានត្រឹមលទ្ធផល ១-១ ប៉ុណ្ណោះ។

ជើងឯក ៦សម័យ Bayern Munich ថែមទាំងត្រូវបានចាស់ផ្ទះនាំមុខមុនតាំងពីនាទីទី២១ ដោយ Chukwubuike Adamu។ Bayern Munich ដែលឈ្នះការប្រកួតទាំង ៦ ក្នុងពូលបែជាលំបាកនៅពេលជួបក្រុម Salzburg ដែលសំបូរដោយកីឡាករយុវជន។ គ្រាប់តាមស្មើរបស់ Bayern Munich ត្រូវរង់ចាំដល់នាទីទី៩០ ទើបកីឡាករបារាំង Kingsley Coman សំរេចបាន។ សូមបញ្ជាក់ថា Bayern Munich មុនមកដល់ប្រកួតនេះបានរងបរាជ័យ ២ប្រកួតជាប់គ្នានៅក្នុងលីគជាលើកដំបូងតាំងពីឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ