ទិន្នន័យពីស្ថាប័នដែលមានមូលដ្ឋាននៅកោះហ្គាម បង្ហាញថា នាវាស្រាវជ្រាវចិនចំនួន ៥គ្រឿង ក្នុងនោះរួមមានទាំងនាវាដែលប្រើសម្រាប់ការតាមដានលំហអាកាស និងមីស៊ីល ព្រមទាំងផ្នែកការសិក្សាក្រោមទឹក បានធ្វើប្រតិបត្តិការ នៅភាគពាយព្យមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែមុន ខណៈដែលសហរដ្ឋអាមេរិកបានបង្កើនសមយុទ្ធយោធា។
មជ្ឈមណ្ឌលប៉ាស៊ីហ្វិក សម្រាប់សន្តិសុខកោះ ឲ្យដឹងថា ការធ្វើយោធូបនីយកម្មដ៏លឿនរហ័ស នៅភាគខាងជើងប៉ាស៊ីហ្វិកនេះ មិនមានការយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ឡើយ ដោយបន្ថែមថា សកម្មភាពនេះធ្វើឲ្យប្រជាជនកោះក្លាយជាគោលដៅនាពេលខាងមុខ ពេលមានជម្លោះមហាអំណាចណាមួយ។
នាយកស្ថាប័ននេះដែលប្រឹងប្រែងបង្ហាញពីហានិភ័យសន្តិសុខក្នុងតំបន់ លោក Leland Bettis បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា៖ «ប្រសិនបើអ្នកក្រឡេកមើលចំនួនសមយុទ្ធរបស់សហរដ្ឋអាមេរិក និងទ្វេភាគី និងពហុភាគី វាមានប្រតិបត្តិការច្រើនណាស់»។

របាយការណ៍នៃប្រព័ន្ធតាមដានសន្តិសុខតំបន់ Melanesia របស់មជ្ឈមណ្ឌលនេះ ដែលបានបញ្ចេញនៅព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) នេះ បង្ហាញថា វត្តមាននាវាស្រាវជ្រាវរបស់ចិន ៣គ្រឿង រួមមានទាំងនាវាតាមដានលំហអាកាស និងមីស៊ីល Yuanwang 7 ស្ថិតនៅជិតកោះប៉ាស៊ីហ្វិកដ៏តូចមួយ គឺគីរីបាទី កាលពីខែមុន។
របាយការណ៍ពីស្ថាប័នឃ្លាំមើលនេះបានបង្ហាញថា នាវាស្រាវជ្រាវរបស់ចិន ២គ្រឿងទៀត បានធ្វើដំណើរទៅភាគខាងកើតនៃទឹកដីរបស់សហរដ្ឋអាមេរិក គឺកោះហ្គាម នៅក្បែរបណ្តាប្រទេសកោះដែលមានកិច្ចព្រមព្រៀងការពារជាមួយសហរដ្ឋអាមេរិក គឺរដ្ឋចងជាសហព័ន្ធ Micronesia (មីក្រូណេស៊ី) និង Marshall (ម៉ាសល)។
ក្រសួងការបរទេសចិនមិនបានឆ្លើយតបភា្លមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ អំពីគោលបំណងនៃប្រតិបត្តិការរបស់នាវាស្រាវជ្រាវ នៅប៉ាស៊ីហ្វិក។ ចំណែកកោះគីរីបាទីក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ។ ជាមួយគ្នានេះ ស្ថាប័នឃ្លាំមើលដដែលនេះ បានឲ្យដឹងបន្ថែមថា នៅចន្លោះខែសីហា និងខែវិច្ឆិកា សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធសង្រ្គាមពហុភាគីចំនួន ៩លើក នៅជិតកោះហ្គាម ជាមួយសម្ព័ន្ធមិត្តនានា ដូចជាអូស្ត្រាលី ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងជាដើម៕
