នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទៅពិនិត្យ និងសួរសុខទុក្ខកងទ័ពអ៊ីស្រាអែលដែលត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងនៃប្រទេសស៊ីរី ជាអ្វីដែលបាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាល នៅទីក្រុងដាម៉ាស ដែលបានចាត់ទុកការធ្វើដំណើរនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។
អ៊ីស្រាអែលបានពង្រីកវត្តមានយោធារបស់ខ្លួន នៅភាគខាងត្បូងស៊ីរី បន្ទាប់ពីមានការទម្លាក់លោក Bashar al-Assad ពីអំណាច កាលពីខែធ្នូឆ្នាំមុន ដោយបានដណ្តើមកាន់កាប់ទីតាំងនៅភាគខាងកើតនៃតំបន់ទ្រនាប់ដែលត្រួតត្រាដោយអង្គការសហប្រជាជាតិ ជាទីតាំងបំបែកតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ពីទឹកដីស៊ីរី។

បើយោងតាមរូបថតដែលចេញផ្សាយដោយការិយាល័យរបស់លោក បានបង្ហាញឲ្យឃើញថា ដោយមានពាក់អាវក្រោះ និងមួកសុវត្ថិភាព លោក Netanyahu កាលពីថ្ងៃពុធ បានទៅសួរសុខទុក្ខកងទ័ពដែលឈរជើងនៅលើដែនដីស៊ីរី។ នៅទីនោះ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការការពារជនជាតិភាគតិច Druze នៅស៊ីរី ដែលសហគមន៍របស់ពួកគេរស់នៅតាមព្រំដែនសងខាងនៃប្រទេសទាំង២។
រដ្ឋាភិបាលដឹកនាំដោយក្រុមឥស្លាមនិយម នៅទីក្រុងដាម៉ាស បានលើកឡើងថា ការធ្វើដំណើរនេះរបស់លោក Netanyahu គឺជា «ការរំលោភដ៏គ្រោះថ្នាក់លើអធិបតេយ្យភាព និងឯកភាពរបស់ប្រទេសស៊ីរី» ហើយបានចាត់ទុកថា ជាការប៉ុនប៉ង ដើម្បី «ដាក់ចេញនូវស្ថានភាពដែលមិនងាយកែប្រែបាន»។ មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ពីរដ្ឋាភិបាលអ៊ីស្រាអែល ពាក់ព័ន្ធនឹងការថ្កោលទោសនេះ៕
