ក្រុមមន្រ្តី និងសារព័ត៌មានក្នុងស្រុក រាយការណ៍ថា រថភ្លើងដឹកអ្នកដំណើរ ២ខ្សែនៅសាធារណរដ្ឋឆេក បានបុកគ្នានាថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួសធ្ងន់ និងមនុស្ស ៤០នាក់ផ្សេងទៀត រងរបួសស្រាល ។
សេវាកម្មជួយសង្រ្គោះ និយាយថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅតំបន់មួយមានចម្ងាយប្រហែល ១៣២គ.មភាគខាងត្បូងទីក្រុង Prague ។ អ្នកដំណើរទាំងអស់នៅលើរថភ្លើងទាំង ២ ខែ្ស ត្រូវបានជម្លៀសខ្លួនចេញ ។
អ្នកនាំពាក្យមន្ទីរពេទ្យក្នុងតំបន់និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន CTK ថា មនុស្ស ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឆេកលោក Martin Kupka និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែព័ត៌មានបឋមបង្ហាញថា រថភ្លើងមួយខ្សែទំនងជាបានឆ្លងកាត់ស្លាកសញ្ញាឲ្យឈប់ ៕