ប្រេស៊ីល៖ ក្រុមអាជ្ញាធរក្នុងតំបន់និយាយថា មនុស្សយ៉ាងហោចណាស់ ៩៤នាក់បានស្លាប់ដោយសារបំណាក់ដី និងទឹកជំនន់ដែលបានវាយប្រហារពាសពេញតំបន់ភ្នំនៃរដ្ឋ Rio de Janeiro របស់ប្រទេសប្រេស៊ីល។ អភិបាលរដ្ឋ Rio de Janeiro លោក Claudio Castro បាននិយាយថា គ្រោះមហន្តរាយនៅក្នុងទីក្រុង Petropolis បានកើតឡើង ៣ថ្ងៃក្រោយបន្ទាប់ពីមានព្យុះភ្លៀងកាលពីថ្ងៃអង្គារ។
លោកថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ហើយមនុស្ស ២១នាក់ត្រូវបានរកឃើញនៅមានជីវិត ខណៈក្រុមអ្នកស្វែងរកកំពុងជីកកកាយតាមកម្ទេចកំទីផ្សេងៗ ហើយមនុស្សជិត ៤០០នាក់ត្រូវបានបាត់បង់ទីជម្រក។ លោក Castro បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ស្ថានភាពស្ទើរតែដូចជាសង្គ្រាម រថយន្តជាច្រើនគ្រឿងជាប់នៅលើបង្គោលភ្លើង និងខ្លះទៀតក្រឡាប់ផ្ងារជើង ហើយល្បប់លាយទឹកនៅតែមាន។
អ្នកស្រុកម្នាក់នៅក្នុងទីក្រុង Petropolis នៃរដ្ឋ Rio de Janeiro បានថតវីដេអូបង្ហាញពីរូបភាពគួរឲ្យរន្ធត់នៃទឹកជំនន់ និងបំណាក់ដីដែលបានឆក់យកជីវិតមនុស្សជិត ១០០នាក់។ តំបន់ភាគអាគ្នេយ៍របស់ប្រទេសប្រេស៊ីលត្រូវបានរងគ្រោះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមឆ្នាំនេះមកដោយមានមនុស្សជាង ៤០នាក់បានស្លាប់ចន្លោះឧបទ្ទវហេតុនានានៅក្នុងរដ្ឋ Minas Gerais កាលពីដើមខែមករា ហើយក្រោយមកនៅក្នុងរដ្ឋ Sao Paulo នៅក្នុងខែដដែលនោះ៕
អត្ថបទ៖ សុខមាន