លោក Takashi Ito ដែលជាម្ចាស់ភោជនីយដ្ឋានមួយ នៅក្នុងទីក្រុងសៀងហៃ បានទន្ទឹងរង់ចាំរហូតដល់ប្រទេសចិនលុបចោលបម្រាមនាំចូលអាហារសមុទ្រជប៉ុន តែក្តីសង្ឃឹមរបស់លោកបែរជាត្រូវបានបំផ្លាញ ក្នុងសប្តាហ៍នេះ ដោយសារជម្លោះការទូតដែលឡើងកម្ដៅកាន់តែខ្លាំងទៅៗ រវាងទីក្រុងប៉េកាំង និងតូក្យូ។
ភាពតានតឹង រវាងប្រទេសជិតខាងអាស៊ីទាំង២ បានផ្ទុះឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនដែលទើបចូលកាន់តំណែងថ្មី លោកស្រី Sanae Takaichi បាននិយាយនៅខែវិច្ឆិកានេះថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ ដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន អាចបង្កឲ្យមានការឆ្លើយតបខាងយោធា។ ចិនដែលចាត់ទុកកោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យថា ជាផ្នែកនៃដែនដីរបស់ខ្លួន បានឆ្លើយតបដោយកំហឹងយ៉ាងខ្លាំងក្លា។
បន្ថែមពីលើការដាក់បម្រាមលើផលិតផលសមុទ្រជប៉ុនឡើងវិញ ចិនបានធ្វើពហិការមិនធ្វើដំណើរទៅជប៉ុន និងគំរាមកំហែងមានវិធានការតបតធ្ងន់ធ្ងរ។ ការប្រជុំ និងព្រឹត្តិការណ៍វប្បធម៌ជាច្រើន ក៏ត្រូវបានលុបចោលផងដែរ។
នៅឯភោជនីយដ្ឋានអាហារសមុទ្រជប៉ុន Merase លោក Ito បានប្រាប់សារព័ត៌មាន Reuters ថា៖ «រាល់ពេលដែលឧប្បត្តិហេតុធំបែបនេះកើតឡើង យើងមានទុក្ខលំបាកខ្លាំងណាស់ ដ្បិតអារម្មណ៍របស់យើងមិនស្ងប់ឡើយ រាល់ពេលដែលទំនាក់ទំនង រវាងប្រទេសជប៉ុន និងចិន មានភាពរង្គោះរង្គើ។ វាពិតជាមានអារម្មណ៍ធុញថប់ខ្លាំងណាស់»។
ប្រហែលជាសញ្ញាគួរឲ្យព្រួយបារម្ភ ភោជនីយដ្ឋាននេះក៏មានការលុបចោលមួយចំនួនផងដែរ កាលពីយប់ថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) បើទោះជាអតិថិជនទំនងជាមកទាំងនោះ មិនបាននិយាយពីមូលហេតុឲ្យបានច្បាស់លាស់ក៏ដោយ។ អតិថិជនចិន ជាទូទៅមានចំនួនពាក់កណ្តាលនៃការកក់របស់ភោជនីយដ្ឋាន Merase៕