ទូកទេសចរណ៍ដែលធ្លាប់តែធ្វើដំណើរឆ្លងកាត់បឹងដ៏ល្បី Naivasha របស់កេនយ៉ា បានទទួលយកមុខងារថ្មីកាលពីពេលថ្មីៗនេះ ដោយសង្រ្គោះមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរងការជន់លិចរបស់ពួកគេ ។
បើទោះបីជាកម្រិតទឹកបឹងបានឡើងអស់រយៈពេលជាង ១ទសវត្សរ៍យ៉ាងណាក្តីដោយសារការជន់លិច ប្រជាពលរដ្ឋរស់នៅក្នុងស្រុក Kihoto មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការទំហំជន់លិចពុំធ្លាប់មានពីមុននៅក្នុងឆ្នាំនេះ ។
អ្នកស្រី Rose Alero គឺជាអ្នកស្រុកមួយរូប និយាយថា វាពុំធ្លាប់ដែលកើតមានបែបហ្នឹងនោះទេកាលពីមុនមក ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីក្នុងស្រុក បានឲ្យដឹងថា ចំណែកឯបឹង Rift Valley បានឡើងចូលដីគោកជម្រៅដី ១,៥គ.ម ពុំធ្លាប់មានពីមុនមក ។
អ្នកស្រី Alero វ័យ ៥១ឆ្នាំ និយាយថា មនុស្សរងគ្រោះច្រើនណាស់ ហើយមនុស្សជាច្រើននៅតាមសង្កាត់ បានធ្លាក់ខ្លួនឈឺ ។ នៅផ្ទះរបស់គាត់ ទឹកបានឡើងដល់ត្រឹមចង្កេះ ខណៈពេញមួយស្រុក បង្គន់បានលិចអស់ ។
ការខូចខាតនេះ មានលក្ខណៈទ្រង់ទ្រាយ ផ្ទះរាប់រយខ្នង បានលិចទាំងស្រុង ព្រះវិហារ រងការបំផ្លិចបំផ្លាញ សាលារៀន និងប៉ុស្តិ៍នគរបាល បានរងការជន់លិចដូចគ្នា ៕