ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមជួយសង្រ្គោះធ្វើការពេញមួយយប់ ដើម្បីស្វែងរកអ្នករស់រានពីការវាយប្រហាររបស់រុស្ស៊ីដែលត្រូវចំអគារផ្ទះល្វែង នៅតំបន់ភាគខាងលិចអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ រួមទាំងកុមារ ៣នាក់ផងដែរ ។
មនុស្សជាង ២០នាក់ កំពុងបាត់ខ្លួន ក្រោយការវាយប្រហារតាមច្រកអាកាសត្រូវចំអគារផ្ទះល្វែង ២ខ្នង ស្ថិតនៅទីក្រុង Ternopil ដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយថា អាចនឹងសម្លាប់គ្រួសារទាំងមូល ។
ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីយប់ថ្ងៃអង្គារ ស្ថិតនៅក្នុងចំណោមការវាយប្រហារស្លាប់មនុស្សច្រើនបំផុតនៅតំបន់ភាគខាងលិចអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមជម្លោះ ហើយនិងបង្ខំឲ្យអង្គការណាតូ ល្បាតយន្តហោះចម្បាំងលើប្រទេសជិតខាងប៉ូឡូញ និងប្រទេសរ៉ូម៉ានី ។
លោក Zelensky បានធ្វើការព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ស្របពេលដែលមនុស្សនៅបន្តជាប់ខ្លួនក្រោមអគារបាក់បែក ហើយលោកនិយាយថា រុស្ស៊ីនឹងមិនបញ្ឈប់ការវាយប្រហាររបស់ពួកគេនោះឡើយ ៕