ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានស្នើដល់បងប្អូនប្រជាពលរដ្ឋរៀនរស់ តាម បែបគន្លងថ្មី ដោយអនុវត្តវិធានការសុខាភិបាលឲ្យបានល្អ ៣កុំ ៣ការពារ រៀនធ្វើតេស្តរហ័សរកកូវីដ-១៩ ដោយខ្លួនឯង និងចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា។
លោកវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ ជាពិសេសវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) វិធានការដែលប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្ត ដើម្បីទប់ស្កាត់ការចម្លងគឺនៅដដែល ៣កុំ ៣ការពារ។ និយាយដោយឡែកក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមព្រឹកនេះ មានអ្នកឆ្លងមេរោគកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅតាមមណ្ឌល និងតាមខ្នងផ្ទះ មានចំនួនជាង ២០០០នាក់។
ទន្ទឹមនឹងនោះដែរ លោកវេជ្ជបណ្ឌិត ងី មានហេង បន្តអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ យើងទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមគន្លងនៃការ រៀនរស់នៅធម្មតាជា មួយ វីរុស កូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មី អូមីក្រុងនេះ និងប្រភេទថ្មីបន្តបន្ទាប់ ផ្សេងទៀតផងដែរ៕ អត្ថបទ៖ រដ្ឋា