នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនបានធ្វើពិធីលាគ្នាចុងក្រោយជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ និងនៅថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមអ្នកកាន់ទុក្ខនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis និងនៅមន្ទីរពេទ្យ al-Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សា បានសែងសាកសព និងធ្វើពិធីបួងសួង មុនពេលយកសាកសពមនុស្សជាទិស្រលាញ់របស់ពួកគេទៅបញ្ចុះ ។
ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៤នាក់ និងមនុស្ស ១៨នាក់ផ្សេងទៀត រងរបួស នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលក្រុមហាម៉ាស និងអ៊ីស្រាអែល បានចោទប្រកាន់គ្នាទៅវិញទៅមុខថា បានបំពានបទឈប់បាញ់រយៈពេលជិត ៦សប្តាហ៍ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។
គ្រូពេទ្យបឋមនិយាយថា ការវាយប្រហារមួយត្រូវចំផ្ទះមួយខ្នងនៅទីក្រុង Bani Suhaila ស្ថិតនៅភាគខាងកើតទីក្រុង Khan Younis បានសម្លាប់មនុស្ស ៣នាក់ រួមទាំងទារកស្រីម្នាក់ផងដែរ ហើយមនុស្ស ១៥នាក់ផ្សេងទៀត រងរបួស ខណៈការវាយប្រហារមួយទៀត បានសម្លាប់បុរសម្នាក់ និងធ្វើឲ្យមនុស្ស ៣នាក់ផ្សេងទៀត រងរបួស នៅទីក្រុង Abassan ។
អ៊ីស្រាអែល បានបញ្ជាក់ការវាយប្រហារនេះ ប៉ុន្តែពួកគេនិយាយថា ពួកគេពុំបានដឹងថាមានគ្រោះថ្នាក់នោះទេ ។
កាលពីថ្ងៃពុធ អ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារគោលដៅជាច្រើននៅទូទាំងតំបន់ហ្កាហ្សា ក្រោយសមាជិកក្រុមជីវពលប៉ាឡេស្ទីន បាញ់ប្រហារលើទាហានរបស់ពួកគេ ហើយក្រុមគ្រូពេទ្យហ្កាហ្សានិយាយថា មនុស្សយ៉ាងហោច ២៥នាក់ ត្រូវបានសម្លាប់ ។
ក្រុមហាម៉ាស់ បានចាត់ទុកការវាយប្រហារនេះ ថាគ្រោះថ្នាក់ខ្លាំង និងបានជំរុញឲ្យក្រុមអ្នកសម្របសម្រួល ទួរគី និងសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ជាបន្ទាន់ ៕