ពលរដ្ឋស៊ូដង់រាប់សិបគ្រួសាររត់ភៀសខ្លួនចេញពីអំពើហិង្សានៅទីក្រុង al-Fashir ស្ថិតក្នុងតំបន់ Darfurបានធ្វើដំណើរមកដល់ជំរំភៀសខ្លួននៅទីក្រុង al-Dabba ។
ពលរដ្ឋរួមទាំងក្មេងៗ បានចុះពីលើរថយន្ត និងដាក់ចុះទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលសម្រាកនៅមុខសំពត់តង់ ។
កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងធ្វើការជួយបញ្ចប់សង្រ្គាមស៊ូដង់ ក្រោយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman ស្នើសុំឲ្យលោកចូលរួមដោះស្រាយបញ្ហាមួយនេះ ។
លោក Trump បានប្រកាសពីបំណងរបស់លោកក្នុងការធ្វើអន្តរាគមន៍ ២ដង ម្តងនៅវេទិកាវិនិយោគអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងវ៉ាស៊ីនតោន និងម្តងទៀតនៅលើវេទិកាអនឡាញរបស់លោក ក្នុងបណ្តាញសង្គម Truth Social ។
លោកបាននិយាយថា ព្រះអង្គបានបរិយាយអំពីប្រទេសស៊ូដង់ថា អ្នកកំពុងនិយាយពីសង្គ្រាមជាច្រើន ប៉ុន្តែមានកន្លែងមួយនៅលើផែនដីគឺប្រទេសស៊ូដង់ វាតក់ស្លុតជាខ្លាំងចំពោះអ្វីដែលកំពុងកើតឡើង ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយបន្ថែមថា រដ្ឋបាលរបស់លោកបានចាប់ផ្តើមធ្វើការលើបញ្ហានេះក្នុងរយៈពេលកន្លះម៉ោង បន្ទាប់ពីការស្នើសុំរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ ។
សូមបញ្ជាក់ថា ជម្លោះស៊ូដង់ បានផ្ទុះឡើងកាលពីឆ្នាំ ២០២៣ ស្របពេលមានការដណ្តើមអំណាចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដែលទើបដណ្តើមកាន់កាប់ទីក្រុង al-Fashir កាលពីពេលថ្មីៗនេះ ដែលស្ថិតនៅក្នុងចំណោមទីក្រុងធំៗបំផុតរបស់ស៊ូដង់ ធ្វើឲ្យមានក្តីបារម្ភខ្លាំង ពីការសម្លាប់រង្គាលទ្រង់ទ្រាយធំ ៕