នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ។
តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំសហការី ធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, ប្រធានការិយាល័យពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុក, មេឃុំ, សមាជិកក្រុមប្រឹក្សាឃុំ, មេប៉ុស្តិ៍រដ្ឋបាល, ស្មៀនឃុំ ដែលអ្នកចូលរួមសរុបទាំង ២ ស្រុក ប្រមាណជិត ១០០ នាក់។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺ៖
ទី១. បន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី អ.ដ.ក. ដល់ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ នៃរដ្ឋបាលស្រុក
ទី២. ផ្សព្វផ្សាយពង្រឹង និងលើកកម្ពស់កិច្ចសហការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកំពង់ស្ពឺ៕






