ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់អាមេរិកមួយរូបកាលពីថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកាសប្ដាហ៍នេះ ថា រូបលោកត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោនលើផែនការមួយក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយលោករំពឹងថានឹងពិភាក្សាជាមួយប្រធានាធិបតី Donald Trump ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

បណ្តាប្រទេសនៅអឺរ៉ុបកំពុងរុញប្រឆាំងនឹងផែនការគាំទ្រដោយសហរដ្ឋអាមេរិក ដែលប្រភពបាននិយាយថា នឹងតម្រូវឱ្យទីក្រុងគីវ លះបង់ទឹកដីបន្ថែមទៀត និងដកអាវុធមួយផ្នែក ជាលក្ខខណ្ឌដែលសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មើលឃើញជាយូរមកហើយថាស្មើនឹងការចុះចាញ់។
ប៉ុន្តែលោក Zelenskyy ដែលការិយាល័យរបស់លោកបាននិយាយថា លោកបានទទួលសេចក្តីព្រាងនៃផែនការនេះ បាននិយាយបន្ទាប់ពីជួបជាមួយមេបញ្ជាកការកងទ័ពសហរដ្ឋអាមេរិក លោក Daniel Driscoll នៅទីក្រុងគីវ ថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើការរួមគ្នាលើព័ត៌មានលម្អិតនៃផែនការនេះ។
លោក Zelenskyy បានសរសេរនៅលើ Telegram ថា ក្រុមរបស់ពួកលោក អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើការលើចំណុចនានានៃផែនការនេះដើម្បីបញ្ចប់សង្គ្រាម។ ពួកលោកត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការងារប្រកបដោយស្ថាបនា ស្មោះត្រង់ និងរហ័សរហួន។
ការិយាល័យរបស់លោក Zelenskyy ពុំបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើខ្លឹមសារនៃផែនការ ២៨ ចំណុច ដែលមិនទាន់ត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែបាននិយាយថា មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ពីគោលការណ៍ជាមូលដ្ឋានដែលមានសារៈសំខាន់ចំពោះប្រជាជនរបស់អ៊ុយក្រែន៕

