កម្ពុជា-អាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុប ចំនួន ៤៧,៥ លានអឺរ៉ូ ក្នុងនោះទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល ផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងទឹកប្រាក់ចំនួន ១៧,៥ លានអឺរ៉ូ សម្រាប់ជំហានទី៣។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល, ជាមួយលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាលនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក្នុងនាមរដ្ឋា ភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុបចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក សម្រាប់ អនុវត្តគម្រោងប្រសិទ្ធភាពថាមពល នៃការផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី២ និងសម្រាប់គម្រោងជំហានទី៣។
ជុំវិញគម្រោងទាំងពីរជំហានខាងលើនេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងនិរន្តភាពដល់ បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ ការវិនិយោគ នេះនឹងផ្តោតលើការពង្រីកបណ្តាញ តង់ស្យុងមធ្យម ២២ kV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតំបន់ជនបទនៅខេត្តឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារការសាងសង់ និងពង្រីកអនុស្ថានីយ៍ ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធអាគុយស្តុកថាមពល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពនៃការបន្តឧបត្ថម្ភ គាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានអបអរសាទរចំពោះកិច្ចចរចា ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ១៨-១៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលបានឯកភាពគ្នាលើបញ្ជីគម្រោង/កម្មវិធី ដោយផ្តោតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល អភិវឌ្ឍន៍ផ្លូវជនបទ រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ថ្លែងឱ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាននឹងកំពុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយផ្តល់ហិរញ្ញប្បទាន ដែលឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ជាក់ស្តែងគម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់ អគ្គិសនីនៅជនបទជំហានទី២ និងជំហានទី៣ ដែលបានចុះហត្ថលេខានេះ នឹងឆ្លើយតបតាមតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពល សំដៅរក្សាលំនឹងថ្លៃ និងពិនិត្យលទ្ធភាពបញ្ចុះថ្លៃអគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការ ផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម, ជំរុញការប្រើប្រាស់ថាមពលក៏កើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពល ឱ្យអស់សក្តានុពលដើម្បីធានាបាននូវសន្តិសុខថាមពល៕ អត្ថបទ៖ សុន រ៉ាឌី,




