សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកា សប្ដាហ៍នេះ ថាផែនការរបស់សហរដ្ឋអាមេរិកគាំទ្រដោយប្រធានាធិបតីលោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺ ល្អ សម្រាប់ភាគីទាំងពីរ ដោយបដិសេធការព្រួយបារម្ភ ដែលថា ផែនការនេះស្របតាមការទាមទារជាច្រើនរបស់ទីក្រុងមូស្គូ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទទូចថាកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីត្រូវតែនាំមកនូវ សន្តិភាពដ៏ថ្លៃថ្នូរ បន្ទាប់ពីបានជួបជាមួយមន្ត្រីជាន់ខ្ពស់មួយរូបមកពីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថាបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កំពុងធ្វើការ ស្ងាត់ៗ លើផែនការនេះអស់រយៈពេលមួយខែមកហើយ។

លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មានមួយថា អ្វីៗកំពុងបន្ត ហើយស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរទេ ប៉ុន្តែប្រធានាធិបតីគាំទ្រផែនការនេះ។ វាជាផែនការល្អសម្រាប់ទាំងរុស្ស៊ី ទាំងអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក ជឿជាក់ថាផែនការនេះគួរតែអាចទទួលយកបានសម្រាប់ភាគីទាំងពីរ។
ព័ត៌មានលម្អិតដែលផ្តល់ទៅឱ្យសារព័ត៌មាន AFP ដោយប្រភពមួយដែលដឹងបញ្ហានេះ បានបង្ហាញថា មានការទាមទារជាច្រើនរបស់ទីក្រុងមូស្គូសម្រាប់ការបញ្ចប់សង្គ្រាម រួមទាំងការប្រគល់ទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីដណ្ដើមបាន និងការកាត់បន្ថយកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។
លោកស្រីបាននិយាយថា លោក Trump កាន់តែមានការខកចិត្តចំពោះភាគីទាំងពីរ ប៉ុន្តែបានប្តេជ្ញាចិត្តក្នុងការបញ្ចប់សង្គ្រាមនោះ។ លោកបានតាំងចិត្តបញ្ចប់ជម្លោះនោះឲ្យខានតែបានចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករាដើមឆ្នាំនេះ៕

