គណៈកម្មការទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា បានអនុម័តសេចក្តីសម្រេចមួយដែលទាមទារឱ្យអ៊ីរ៉ង់ផ្តល់កិច្ចសហប្រតិបត្តិការ«ពេញលេញនិងឆាប់រហ័ស»រួមទាំងដំណើរការចូលទៅកាន់ទីតាំងនុយក្លេអ៊ែរដ៏រសើប ប៉ុន្តែទីក្រុងតេអេរ៉ង់បានច្រានចោលវិធានការនេះភ្លាមៗ។

ភាពតានតឹងដែលអូសបន្លាយពេលជាយូរមកហើយជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានផ្ទុះឡើងជាថ្មីបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនា។ ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិ ពុំអាចចូលទៅកាន់បរិវេណដែលខូចខាតណាមួយបានឡើយ។
លោក Rafael Grossi ប្រធានទីភ្នាក់ងារ IAEA បានបន្តការអំពាវនាវដល់ទីក្រុងតេអេរ៉ង់ អនុញ្ញាតឱ្យក្រុមអធិការកិច្ចចូលទៅក្នុងទីតាំងនុយក្លេអ៊ែរសំខាន់ៗ ហើយគណៈកម្មការគ្រប់គ្រងរបស់ទីភ្នាក់ងារបានអនុម័តសេចក្តីសម្រេចមួយដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ដោយសំឡេង១៩ទល់នឹង៣ ដោយ១២សំឡេង អនុប្បវាទ ។

សេចក្តីសម្រេចនេះ «ជំរុញឱ្យអ៊ីរ៉ង់ គោរពតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនយ៉ាងពេញលេញ និងគ្មានការពន្យារពេល» ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានស្រាប់ «និងពង្រីកកិច្ចសហប្រតិបត្តិការពេញលេញនិងរហ័សដល់ទីភ្នាក់ងារ IAEA រួមទាំងការផ្តល់ព័ត៌មាន និងដំណើរការចូលដែលទីភ្នាក់ងារបានស្នើសុំ»។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានរិះគន់ការបោះឆ្នោតនេះ។