ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកម្នាក់បាននិយាយថា រដ្ឋបាលលោក Trump ត្រូវតែផ្អាកការដាក់ពង្រាយកងទ័ពឆ្មាំជាតិរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាការដើរថយក្រោយចំពោះការជំរុញរបស់លោកប្រធានាធិបតីក្នុងការបញ្ជូនយោធាទៅកាន់ទីក្រុងនានានៅទូទាំងប្រទេស។

ចៅក្រមតំបន់សហរដ្ឋអាមេរិក លោកស្រី Jia Cobb បានផ្អាកការដាក់ពង្រាយជាបណ្តោះអាសន្ននៅក្នុងការចេញសេចក្តីសម្រេចមួយ ដោយឆ្លើយតបទៅនឹងបណ្តឹងដាក់ដោយមន្ត្រីទីក្រុងដែលបាននិយាយថា លោក Trump បានដណ្តើមអំណាចនគរបាល ហើយកំពុងប្រើប្រាស់យោធាសម្រាប់ការអនុវត្តច្បាប់ក្នុងតំបន់។

រដ្ឋាភិបាលសហព័ន្ធមានអំណាចពិសេសនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ប៉ុន្តែរដ្ឋបាលលោក Trump បានចាត់វិធានការដ៏ចម្រូងចម្រាសដើម្បីដាក់ពង្រាយទាហាននៅក្នុងបញ្ជីទីក្រុងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើង ទោះបីជាមានការតវ៉ាជាញឹកញាប់ពីមន្ត្រីរដ្ឋ និងតំបន់ និងកង្វះលក្ខខណ្ឌគ្រាអាសន្នណាមួយក៏ដោយ។
លោកស្រី Cobb ដែលបាននិយាយនៅក្នុងសេចក្តីសម្រេចរបស់លោកស្រីថា លោកប្រធានាធិបតី មិនអាចដាក់ពង្រាយទាហានសម្រាប់ «ហេតុផលអ្វីក៏ដោយ» ដែលលោកចង់បាន ខណៈផ្តល់ពេលឱ្យរដ្ឋបាលលោក Trump ២១ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ចំពោះសេចក្តីបង្គាប់មុនពេលវាចូលជាធរមាន។
លោក Trump ក៏បានដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុងដូចជា Los Angeles រដ្ឋ California ទីក្រុង Portland រដ្ឋOregon និងទីក្រុងChicago រដ្ឋ Illinois ជាអ្វីដែលលោកពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយឧក្រិដ្ឋកម្ម និងប្រមូលជនអន្តោប្រវេសន៍គ្មានឯកសារ។