ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២២ មានតម្លៃប្រមាណជាង១០៨ លានដុល្លារ កើនឡើង ២៧,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-កូរ៉េ ក្នុងខែមករា ដើមឆ្នាំ ២០២២ មានតម្លៃសរុប ១០៨ លានដុល្លារ កើនឡើង២៧,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ក្នុងនោះការនាំចេញពីកម្ពុជា មានទឹកប្រាក់ ៣០លានដុល្លារ កើនឡើង ១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកការនាំចូលពីប្រទេសកូរ៉េ មានទឹកប្រាក់ ៧៨ លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងពីចំនួនជាង៥៦ លានដុល្លារ កាលពីខែមករាឆ្នាំមុន។
ទំនិញសំខាន់ៗដែលកម្ពុជា នាំទៅកាន់កូរ៉េខាងត្បូង រួមមានសំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
ប្រទេសទាំងពីរ បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែតុលាឆ្នាំមុន ដោយរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខ។
សម្រាប់កម្ពុជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានប្រកាសដោយព្រះរាជក្រិត្យកាលពីដើមខែកុម្ភៈកន្លងទៅ។
ដោយឡែកភាគីកូរ៉េ បាននិងកំពុងពន្លឿននីតិវិធីនីតិបញ្ញាតិ្តដើម្បីពិភាក្សា និងផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីសប្តាហ៍កន្លងទៅ ក្នុងទីក្រុងសេអ៊ូល ប្រធានាធិបតីកូរ៉េ ឯកឧត្តម Moon Jae-In មានប្រសាសន៍ថា កម្ពុជាគឺជាអាទិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធនឹងការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាគឺជាប្រទេសទី១ ហើយ ដែលកូរ៉េបានចុះហត្ថលេខាជាមួយ។
ឯកឧត្តម បញ្ជាក់ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសកូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅរដ្ឋសភាសាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីគឺបាននិងកំពុងបន្តនៅឡើយ។
ឯកឧត្តមប្រធានាធិបតីថ្លែងថា ប្រទេសទាំង២ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្នា ជាពិសេសនៅពេលកម្ពុជាមានច្បាប់វិនិយោគថ្មីដែលគួរឱ្យទាក់ទាញថែមទៀត កូរ៉េនឹងបន្តធ្វើការជាមួយកម្ពុជា ដោយនឹងជំរុញឱ្យវិនិយោគិនកូរ៉េមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា។
កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានចំនួន ៩៦៥ លានដុល្លារ កើនឡើង ៩ភាគរយធៀបនឹងឆ្នាំ ២០២០ ក្នុងនោះការនាំចេញរបស់កម្ពុជា មានតម្លៃជាង ៣៤១ លានដុល្លារ កើនឡើង ៧,៤៕អត្ថបទ៖ វណ្ណៈ


