លោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តកំណត់ក្រុមសង្ស័យជួញដូរគ្រឿងញៀន — ដែលសហរដ្ឋអាមេរិក អះអាងថាមានទំនាក់ទំនងជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro — ថាជាអង្គការភេរវកម្មបរទេស។ បន្ទាប់ពីជំហាននេះ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយថា ការសម្រេចនេះ បានផ្តល់ឱ្យក្រសួងការពារជាតិនូវជម្រើសថ្មីៗជាច្រើនដើម្បីតាមប្រមាញ់ក្រុមទាំងនោះ។

កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងកំណត់ក្រុមជួញដូរគ្រឿងញៀន ឈ្មោះ Cartel de los Soles ថាជាអង្គការភេរវកម្មបរទេស ដែលមានន័យថា នរណាក៏ដោយនៅអាមេរិក ដែលផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់ក្រុមនេះ នឹងប្រឈមបទព្រហ្មទណ្ឌ។ ការកំណត់នេះនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

ជំហាននេះកើតឡើងក្នុងពេលវត្តមានយោធាអាមេរិក យ៉ាងច្រើននៅក្នុងតំបន់ រួមទាំងនាវាផ្ទុកយន្តហោះធំបំផុតរបស់កងទ័ពជើងទឹកអាមេរិក និងយ៉ាងហោចណាស់នាវាចម្បាំង ៨គ្រឿងផ្សេងទៀត រួមទាំងយន្តហោះចម្បាំង F-35 ដ៏ទំនើប។

ក្នុងសម្រង់បទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Hegseth ត្រូវដកស្រង់សម្ដីថា ការកំណត់នេះ "នាំមកនូវជម្រើសថ្មីៗជាច្រើនដល់អាមេរិក"។ លោកបន្តថា លោក Maduro «មិនមែនជាមេដឹកនាំដែលត្រូវជ្រើសរើសដោយស្របច្បាប់របស់វ៉េណេស៊ុយអេឡាទេ» ហើយបានចោទប្រកាន់មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះជាថ្មីថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាអ្វីដែលលោក Maduro តែងបដិសេធ៕