ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រ (២១ វិច្ឆិកា) នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបំណាក់ដីដ៏ធំនៅក្នុងតំបន់ចំនួនពីរ នៃកោះជ្វាកណ្តាលរបស់ប្រទេសនេះ បានកើនឡើងដល់ ៣០នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។

ទីភ្នាក់ងារនេះនិយាយថា មនុស្សប្រហែល ២១នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានវាយប្រហារទីក្រុង Cilacap និងតំបន់ Banjarnegara កាលពីសប្តាហ៍មុន។
លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជាច្រើននៅទីក្រុង Banjarnegara ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ លោកបន្តថា លំនៅឋានរាប់សិបខ្នងរងការខូចខាត មនុស្សមួយចំនួនរងរបួស ហើយអ្នកស្រុកជាង ៩០០នាក់ត្រូវជម្លៀសចេញ បន្ទាប់ពីបំណាក់ដីនៅទីនោះ។
លោកបន្ថែមថា អ្នកជួយសង្គ្រោះយ៉ាងតិច ៧០០នាក់ រួមទាំងនគរបាល និងទាហាន បន្តស្វែងរកអ្នកបាត់ខ្លួន ដោយប្រើប្រាស់យានជីកកកាយដើម្បីបង្កើនល្បឿនស្វែងរក។ នៅក្រុង Cilacap អាជ្ញាធរបានបន្តប្រតិបត្តិការស្វែងរកនៅទីនោះរហូតដល់សប្តាហ៍ក្រោយ ហើយអ្នកស្រុកជិត ៤០០នាក់ ត្រូវបានជម្លៀសខ្លួន៕


