ប្រជាពលរដ្ឋក្នុងភូមិ Sumbersari ក្នុងតំបន់ Lumajang Regency របស់ប្រទេសឥណ្ឌូនេស៊ី បានវិត្រឡប់ទៅវិញដើម្បីស្វែងរកផ្ទះសម្បែង និងផ្លូវ របស់ខ្លួនដែលបានរងការវាយប្រហារដោយកម្ទេចផេះ និងល្បាប់ ក្រោយការផ្ទុះភ្នំភ្លើង Mount Semeru បណ្ដាលឲ្យមនុស្សជាច្រើនត្រូវបានជម្លៀសចេញពីស្រុកភូមិ។

អ្នកភូមិម្នាក់វ័យ ៥០ឆ្នាំ ឈ្មោះ Muhammad Kholil បានរៀបរាប់ថា ល្បាប់បានហូរចាកយ៉ាងលឿនគួរឲ្យខ្លាច ក្នុងល្បឿងប្រមាណ កន្លះគីឡូដីក្នុងពេល៣នាទីប៉ុណ្ណោះ។
រូបលោកស្ថិតក្នុងចំណោមអ្នកភូមិជាង៩០០នាក់ ដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋាន ក្រោយក្រុមអាជ្ញាធរចេញការប្រកាសអាសន្នកម្រិតខ្ពស់ បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់ចំនួន១០លើក កាលពីថ្ងៃពុធទី១៩វិច្ឆិកា ដែលបានព្រួសកម្ទេចផះ កម្អែភ្នំភ្លើង និងកម្ទេចថ្ម កម្ពស់១៣គីឡូម៉ែត្រ។
ចំណែកអ្នកភូមិម្នាក់ទៀត ឈ្មោះ Abdul Mujid វ័យ២៨ឆ្នាំ បាននិយាយថា ផ្ទះរបស់លោកត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងគ្មានឱកាសអាចជួសជុលវិញបានទេ ។
គួររម្លឹកថា ការផ្ទុះភ្នំភ្លើងដ៏ធំចុងក្រោយកាលពីខែធ្នូឆ្នាំ២០២១ មនុស្សយ៉ាងហោចណាស់៥១នាក់បានស្លាប់ និងភូមិជាច្រើននៅក្បែរនោះ ត្រូវបានគ្របដណ្ដប់ដោយកម្ទេចផេះ ។
គួរឲ្យដឹងថា ភ្នំភ្លើង Semeru កម្ពស់ដ៏ខ្ពស់ ៣.៦៧៦ម៉ែត្រមួយនេះ គឺជាភ្នំភ្លើងដែលតែងតែផ្ទុះដ៏សកម្មបំផុតមួយក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល ១៣០ នៅឥណ្ឌូនេស៊ី ដោយសារតែប្រទេសនេះស្ថិតនៅជាប់នឹងតំបន់កងភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់សម្បូរទៅដោយរញ្ជួយដី និងភ្នំភ្លើង៕

