អ្នកសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលទៅខាងក្នុងនៃមជ្ឈមណ្ឌលមួយក្នុងគោលបំណងឲ្យមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានបទឈប់បាញ់បច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា ក្រោមផែនការសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបើកមជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល-យោធា ឬ CMCC នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីខែមុន។

នៅក្នុងបន្ទប់ដ៏ធំទូលាយមួយដែលមានពិដានកម្ពស់ប្រហែល៧ម៉ែត្រ អេក្រង់ដ៏ធំ កំពុងបង្ហាញផែនទីពណ៌នៃតំបន់ហ្កាហ្សាដែលបង្ហាញពីទីតាំងដែលកងទ័ពអ៊ីស្រាអែលត្រូវបានដាក់ពង្រាយ។ វីដេអូពីលើអាកាសនៃតំបន់នោះ បានបង្ហាញពីរថយន្តដែលផ្ទុកសម្ភារៈផ្គត់ផ្គង់កំពុងធ្វើដំណើរ។ មនុស្សប្រហែល៦០០នាក់កំពុងធ្វើការនៅមជ្ឈមណ្ឌលនេះ ដែលត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលដល់លំហូរជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សា។ ពួកគេរួមមានបុគ្គលិកដែលពាក់ព័ន្ធនឹងយោធា មកពីជាង២០ប្រទេស រួមមានទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រមទាំងបុគ្គលិកជំនួយមនុស្សធម៌មកពីអង្គការសហប្រជាជាតិ និងអង្គការស៊ីវិល។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានទៅពិនិត្យមជ្ឈមណ្ឌលនេះកាលពីខែមុន។ លោកបាននិយាយថា «អ្នកមានជនជាតិអ៊ីស្រាអែល និងជនជាតិអាមេរិក ធ្វើការរួមគ្នាដើម្បីព្យាយាមចាប់ផ្តើមផែនការកសាងតំបន់ហ្កាហ្សាឡើងវិញ ដើម្បីអនុវត្តសន្តិភាពរយៈពេលវែង និងដើម្បីធានាបានថាអ្នកមានកងកម្លាំងសន្តិសុខនៅលើដែនដីក្នុងតំបន់ហ្កាហ្សា ដែលអាចរក្សាសន្តិភាពរយៈពេលវែង»។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានបន្តវាយប្រហារជាបន្តបន្ទាប់លើតំបន់ហ្កាហ្សា។ ប្រទេសនេះបានវាយប្រហារតាមអាកាសលើទីក្រុង Khan Younis នៅភាគខាងត្បូង និងទីក្រុងហ្កាហ្សានៅភាគខាងជើងកាលពីថ្ងៃពុធ។ យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ៊ុមព័ទ្ធនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមកើនឡើងដល់ជាង៣០០នាក់។