សាធារណរដ្ឋអារ៉ាប់ស៊ីរី បានដកចេញពីបញ្ជីហាមឃាត់ការធ្វើដំណើរនូវមនុស្សជិត ៥ លាននាក់ ដែលត្រូវបានដាក់ ក្នុងអំឡុងការគ្រប់គ្រងផ្តាច់ការរបស់របបលោក បាសា អាល់អាសាដ។

លោក Nour Al-Din Al-Baba អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួង បានដំណើរការករណីហាមឃាត់ការធ្វើដំណើរប្រហែល ៨,៣ លានករណី ហើយបានបញ្ចប់ការដកចេញនូវចំនួន ៥ លានករណី ដែលបានរឹតត្បិតសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនស៊ីរី ចំពោះការធ្វើដំណើរដោយសេរី។
លោកបានបន្ថែមថា របបមុនបានប្រើប្រាស់ការហាមឃាត់ការធ្វើដំណើរ ជាការដាក់ទណ្ឌកម្ម រួមជាមួយនឹងការបង្ក្រាប ការសម្លាប់ ការឃុំខ្លួន និងការផ្លាស់ទីលំនៅ។

លោក Al-Baba បានពន្យល់ថា របបលោក អាសាដ បានរឹតត្បិតសមត្ថភាពរបស់បុគ្គល ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ដោយរារាំងពួកគេពីការទទួលបានលិខិតឆ្លងដែន លិខិតអនុញ្ញាតស្នាក់នៅ និងឯកសារសំខាន់ៗផ្សេងទៀតសម្រាប់បញ្ហាស៊ីវិល និងហិរញ្ញវត្ថុ។
បុគ្គលមួយចំនួនត្រូវបានបន្ថែមទៅក្នុងបញ្ជីនេះដោយបំពាន។ លោក Al-Baba បានកត់សម្គាល់ថា ឈ្មោះចំនួន ៥០.០០០នាក់ នៅក្នុងបញ្ជីនេះ ត្រូវបានចាត់ទុកថា គ្មានរដ្ឋ។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី បានរាយការណ៍ថា ក្រសួងកំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហាបុគ្គលដែលត្រូវបានចាត់ទុកថា «ត្រូវគេស្វែងរកចាប់ខ្លួន» ក្នុងអំឡុងរបបមុន ក៏ដូចជាដើម្បីកែលម្អដំណើរការចេញលិខិតឆ្លងដែនឲ្យពលរដ្ឋផងដែរ៕