នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា តំណាងកម្ពុជា ជួបពិភាក្សាការងារជាមួយលោកជំទាវ Ambra Dickie និងគណៈប្រតិភូកាណាដា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើទិដ្ឋភាពទូទៅ នៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងកម្រិតទ្វេភាគី និងតំបន់ ជាពិសេសក្នុងបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលកំពុងស្ថិតក្នុងការចរចា។
ក្នុងឱកាសនេះ ភាគីទំាងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការជំរុញការចរចាកិច្ចព្រមព្រៀង ACAFTA នេះឱ្យបានសម្រេចជាដុំកំភួន ស្របតាមកាលកំណត់ក្នុងឆ្នាំ២០២៦។ ជាការឆ្លើយតប ឯកឧត្តមអគ្គនាយកក៏បានបង្ហាញពីជំហរគាំទ្រយ៉ាងមុតមាំរបស់កម្ពុជាក្នុងការជំរុញការចរចាកិច្ចព្រមព្រៀង ACAFTA នេះ។
បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានពិភាក្សាលើវិស័យសក្តានុពលសំខាន់ៗ មួយចំនួន រួមមាន៖ ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ពាណិជ្ជកម្មអេឡិចត្រូនិក ថាមពល និងឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត សំដៅធ្វើឱ្យទំនាក់ទំនងលើវិស័យទាំងនេះកាន់តែស៊ីជម្រៅ ក៏ដូចជាស្វែងរកកាលានុវត្តភាពបន្ថែម ទាំងក្នុងកម្រិតទ្វេភាគី និងតំបន់៕



