មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ បានវាយប្រហារប្រទេសបង់ក្លាដែស នៅថ្ងៃសុក្រ (២១ វិច្ឆិកា) នេះ ដោយចំណុចកណ្តាលនៃរញ្ជួយដីនៅជម្រៅរាក់ ១០គីឡូម៉ែត្រ។

អាជ្ញាធរនិយាយថា រដ្ឋភាគខាងកើតនៃប្រទេសជិតខាង ឥណ្ឌា ដែលមានព្រំប្រទល់ជាប់បង់ក្លាដែស ក៏ទទួលបានអារម្មណ៍រង្គើពីរញ្ជួយដីនេះដែរ ហើយនគរបាលបង់ក្លាដែស បញ្ជាក់ថា មនុស្សយ៉ាងតិច ៣នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។ ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក បានរាយការណ៍ថា រញ្ជួយនេះកម្រិត ៥,៥រ៉ិចទ័រ ហើយចំណុចកណ្តាលនៃរញ្ជួយ ស្ថិតក្នុងទីក្រុង Narsingdi ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានីដាកា របស់បង់ក្លាដែស។
សាក្សីបានប្រាប់សារព័ត៌មានរយទ័រថា អ្នកស្រុកបានប្រញាប់ប្រញាល់រត់ចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងទីក្រុងដាកា ខណៈអគារបានញ័រ ហើយសំណង់បណ្តោះអាសន្នមួយចំនួនដួលរលំ។ អ្នកក្រុងដាកា បាននិយាយថា "ពួកគេមិនដែលមានអារម្មណ៍រង្គើញ័របែបនេះទេក្នុងជីវិត។ ពេលដែលគ្រឿងសង្ហារឹមក្នុងអគារចាប់ផ្តើមញ័រ មនុស្សម្នាក៏នាំគ្នារត់ចេញទៅតាមដងផ្លូវ"។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយរូបភាព ដែលបង្ហាញឱ្យឃើញ មនុស្សម្នាកំពុងនាំកូនៗរបស់ពួកគេ និងជួយមនុស្សវ័យចំណាស់ចេញពីក្នុងលំនៅឋាន ក្នុងទិដ្ឋភាពដ៏ភ័យស្លន់ស្លោ៕

