សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានចោទប្រកាន់កាលពីល្ងាចថ្ងៃពុធថា ប្រទេសរុស្ស៊ីបានបញ្ជូនកងកម្លាំងប្រមាណ ៧.០០០នាក់បន្ថែមទៀតទៅជិតព្រំដែនអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាមានការអះអាងពីទីក្រុងមូស្គូថា ខ្លួនកំពុងដកកងទ័ពក៏ដោយ។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា ការព្យាយាមបញ្ជាក់ដដែលៗរបស់រុស្ស៊ីពីការដកកងទ័ពរបស់ខ្លួនគឺបរាជ័យ ហើយនឹងបានព្រមានថា ការបើកចំហជាសាធារណៈរបស់លោកប្រធានាធិបតី Vladimir Putin ដែលថា ចង់បានការចរចាតាមច្រកការទូតគឺក្លែងក្លាយ។

មន្ត្រីដដែលនិយាយថា រាល់សុចនាករដែលយើងមាននៅពេលនេះ ត្រឹមតែជាការប្រកាសពីជំហរនៃការចរចាជាសាធារណៈ និងការអះអាងអំពីការបន្ធូរបន្ថយភាពតានតឹងតែប៉ុណ្ណោះ ខណៈប្រទេសនេះចល័តកងកម្លាំងស្ងាត់ៗត្រៀមធ្វើសង្គ្រាម។ ចំណែកបណ្ដាប្រទេសលោកខាងលិចបានព្រមានកាលពីថ្ងៃពុធថា បច្ចុប្បន្នវត្តមានយោធារបស់រុស្ស៊ីកំពុងកើនឡើងនៅតាមព្រំដែនរបស់អ៊ុយក្រែន ខណៈដែលប្រទេសអេស្តូនីបាននិយាយថា ក្រុមអង្គភាពយោធាមួយចំនួនរបស់រុស្ស៊ីកំពុងធ្វើសកម្មភាព ដូចជាត្រៀមមុនការវាយប្រហារដណ្ដើមគ្រប់គ្រងទីតាំងភូមិសាស្ត្រដ៏សំខាន់ ដែលផ្ទុយទៅនឹងការអះអាងការដកកងទ័ពរបស់ក្រុងមូស្គូ។ ដោយសំអាងលើប្រភពពីលោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានថ្លែងតាមកញ្ចក់ទូរទស្សន៍នៅសប្ដាហ៍នេះ ការប៉ាន់ប្រមាណថ្មីនេះនឹងដាក់ចំនួនកងកម្លាំងរបស់រុស្ស៊ីនៅភាគខាងជើងប្រមាណ ១៥០,០០០នាក់៕
អត្ថបទ៖ សុខមាន