តម្លៃប្រេងបានធ្លាក់ចុះខ្លាំងនៅថ្ងៃសុក្រ (២១ វិច្ឆិកា) នេះ ក្នុងការជួញដូរ ៣វគ្គជាប់ៗគ្នា ខណៈសហរដ្ឋអាមេរិក បានជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលអាចបង្កើនការផ្គត់ផ្គង់លើទីផ្សារពិភពលោក ហើយភាពមិនប្រាកដប្រជាលើការបន្ទាបអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ក៏បានប៉ះពាល់ដល់អារម្មណ៍វិនិយោគិន។
សន្ទស្សន៍តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៩៣សេន ឬ ១,៥% មកនៅត្រឹម ៦២,៤៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៤:១៦នាទី ព្រឹកព្រលឹមថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ចុះ ០,២% ក្នុងវគ្គមុន។ សន្ទស្សន៍តម្លៃប្រេងអាមេរិក WTI បានធ្លាក់ចុះ ១,៧% ឬ ៩៨សេន មកនៅត្រឹម ៥៨,០២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការធ្លាក់ចុះ ០,៥% នៅថ្ងៃព្រហស្បតិ៍។

ទំនុកចិត្តទីផ្សារសកលបានអាប់អួរ នៅពេលដែលក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យមានផែនការសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំមកនេះ ខណៈទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងធំទាំងពីររបស់រុស្ស៊ី គឺ Rosneft និង Lukoil ត្រូវកំណត់ឱ្យចូលជាធរមាននៅថ្ងៃសុក្រនេះ។
ក្រុមអ្នកវិភាគនៅស្ថាប័នវិនិយោគអន្តរជាតិ Saxo បាននិយាយក្នុងកំណត់ត្រាមួយថា "ប្រេងបានបន្តធ្លាក់ចុះ នៅពេលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានយល់ព្រមធ្វើការ លើផែនការសន្តិភាពដែលព្រាងដោយសហរដ្ឋអាមេរិក និងរុស្ស៊ី និងដោយសារទណ្ឌកម្មរបស់អាមេរិក លើក្រុមហ៊ុនប្រេងរុស្ស៊ីចំនួនពីរ នឹងមានប្រសិទ្ធភាពនៅថ្ងៃសុក្រនេះ"៕
