អាជ្ញាធរស៊ើបអង្កេតឥណ្ឌាបានចាប់ខ្លួនមនុស្ស៤នាក់បន្ថែមទៀត ពីបទជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះរថយន្ត នៅទីក្រុងញូវដែលីកាលពីសប្តាហ៍មុន ដែលជនសង្ស័យទាំងនោះរួមមានវេជ្ជបណ្ឌិត ៣ នាក់។
ការបំផ្ទុះបានកើតឡើងកាលពីថ្ងៃទី១០ខែវិច្ឆិកា នៅជិតទីតាំងប្រវត្តិសាស្ត្រ Red Fort ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្ស ១០ នាក់បានស្លាប់ និងជាង ៣០ នាក់ផ្សេងទៀតបានរងរបួស។ អាជ្ញាធរស៊ើបអង្កេតបានប្រកាសពីការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេជឿថាការបំផ្ទុះនេះ ជាការវាយប្រហារភេរវកម្មដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាល។

ជនសង្ស័យសរុបចំនួន ៦ នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងការបំផ្ទុះ រហូតមកដល់ពេលនេះ។
អាជ្ញាធរសង្ស័យថា ផែនការភេរវកម្មទ្រង់ទ្រាយធំមួយអាចត្រូវបានគ្រោងទុក។ អ្នកស៊ើបអង្កេត មុននេះបានរកឃើញថា អ្នកបើករថយន្តដែលបានស្លាប់នៅក្នុងការបំផ្ទុះ ក៏ជាវេជ្ជបណ្ឌិតផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកំពុងរាយការណ៍ថា ការស៊ើបអង្កេតរបស់អាជ្ញាធរបាន «រកឃើញនូវអ្វីដែលមន្ត្រីពិពណ៌នាថាជា «ផ្នែកភេរវកម្មរបស់បុគ្គលិកវេជ្ជបណ្ឌិត» រួមមានទាំងអ្នកដែលមានការអប់រំខ្ពស់»។
