ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានលុបចោលការដំឡើងពន្ធ៤០%របស់លោកលើផលិតផលអាហាររបស់ប្រទេសប្រេស៊ីល។ នោះរួមមានទាំងពន្ធលើសាច់គោ កាហ្វេ និងផ្លែឈើ ដែលត្រូវបានដាក់កាលពីខែកក្កដា ជាការដាក់ទណ្ឌកម្មលើប្រទេសប្រេស៊ីល ជុំវិញការចោទប្រកាន់អតីតប្រធានាធិបតី និងជាសម្ព័ន្ធមិត្តរបស់លោក Trump គឺលោក Jair Bolsonaro។
ក្រឹត្យនេះក៏នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចូលរបស់ប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ១៣ ខែវិច្ឆិកាឬក្រោយនេះ ហើយក៏អាចតម្រូវឱ្យមានការសងត្រឡប់វិញនូវពន្ធដែលបានប្រមូលលើទំនិញទាំងនោះ ខណៈពន្ធនៅតែត្រូវបានអនុវត្ត នេះបើយោងតាមឯកសារនៃក្រឹត្យដែលចេញផ្សាយដោយសេតវិមាន។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានក្រឹត្យស្រដៀងគ្នានេះដោយរដ្ឋបាលកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីលុបចោលការដំឡើងពន្ធលើផលិតផលកសិកម្មជាច្រើនពីប្រទេសដទៃទៀត។
ថ្មីៗនេះ ប្រទេសប្រេស៊ីលបានក្លាយជាអ្នកផ្គត់ផ្គង់សាច់គោដ៏សំខាន់មួយទៅកាន់សហរដ្ឋអាមេរិក ហើយជាធម្មតាផ្គត់ផ្គង់កាហ្វេមួយភាគបីដែលប្រើប្រាស់នៅក្នុងប្រទេស។
តម្លៃកាហ្វេលក់រាយនៅសហរដ្ឋអាមេរិក ដែលជាប្រទេសទទួលទានកាហ្វេច្រើនបំផុតរបស់ពិភពលោក បានកើនឡើងរហូតដល់ ៤០% នៅឆ្នាំនេះ ដោយសារតែការដំឡើងពន្ធ និងកត្តាទីផ្សារផ្សេងទៀត។