សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត «មិនងាករេ» របស់ខ្លួន ចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន ក្រោមសន្ធិសញ្ញាសន្តិសុខ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ប្រទេសទាំង២ ក្នុងអំឡុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួន និងចិន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានបញ្ជាក់យ៉ាងច្បាស់នៅលើបណ្ដាញសង្គមថា សន្ធិសញ្ញានេះរួមបញ្ចូលទាំងប្រជុំកោះ Senkaku ដែលកាន់កាប់ដោយជប៉ុន និងដែលទាមទារដោយចិន ជាបណ្ដុំកោះដែលមានទីតាំងត្រឹមតែ ១៧០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ការបង្ហោះសារនៅលើបណ្ដាញសង្គម X របស់លោក Pigott បានកើតឡើងនៅពេលដែលចិន ដែលខឹងសម្បានឹងការកត់សម្គាល់នាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ បង្កើនសម្ពាធលើជប៉ុន ដោយការបញ្ជូននាវាឆ្មាំល្បាតឆ្នេរទៅកាន់ដែនទឹកក្បែរកោះតូចៗដែលគ្មានមនុស្សរស់នៅ ការចេញការព្រមានកុំឲ្យធ្វើដំណើរ និងចំណាត់ការ ដើម្បីផ្អាកការនាំចូលអាហារសមុទ្រជប៉ុន។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានសរសេរទៀតថា៖ «សម្ព័ន្ធភាពអាមេរិក-ជប៉ុន នៅតែជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ក្នុងនោះរួមមានទាំងតាមរយៈកម្លាំង ឬការបង្ខិតបង្ខំ នៅច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងកើត ឬសមុទ្រចិនខាងត្បូង»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មិនបាននិយាយច្រើន អំពីកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងទស្សនៈផ្នែកសន្តិសុខឡើយ។ បន្ទាប់ពីមានជំនួបជាមួយលោកប្រធានាធិបតីចិន លោក Xi Jinping កាលពីចុងខែតុលា នៅប្រទេសកូរ៉េខាងត្បូង លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កោះស្វ័យគ្រប់គ្រងដែលចិនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន មិនត្រូវបានលើកយកមកពិភាក្សាទេ៕
