ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ ជាទីតាំងដែលមានករណីឆ្លងកូវីដ-១៩ច្រើន មានអ្នកជំងឺជាង ២០០០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងព្យាបាលនៅតាមផ្ទះ។
ឯកឧត្តមអភិបាលរង បានប្រាប់ BTV នៅល្ងាចថ្ងៃទី ១៦ ខែកុម្ភៈថា សម្រាប់រាជធានីភ្នំពេញ ខណៈពេលនេះ គឺមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួនជាង ២០០០នាក់ ក្នុងនោះជាង ១០០០នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជាង ១០០០នាក់ផ្សេងទៀតគឺកំពុងព្យាបាលនៅតាមផ្ទះ ក្រោមការគ្រប់គ្រងតាមដានសុខភាពពីអាជ្ញាធរ។
បច្ចុប្បន្នកម្ពុជា មានការឆ្លងកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង កើនឡើងដល់៣ខ្ទង់ជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងទៅករណីឆ្លងបានកើនដល់ ៥១២ករណីជាប្រភេទអូមីក្រុងទាំងអស់។ ការឆ្លងរីករាលដាលនាពេលនេះ គឺរាជធានីភ្នំពេញជាទីតាំងដែលមានករណីឆ្លងច្រើនជាងគេ។ នេះជាការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
ផ្អែកតាមការពិនិត្យមើលចំពោះស្ថានភាពអ្នកជំងឺក្នុងពេលច្ចុប្បន្ន លោកអភិបាលរងពិនិត្យឃើញថា អ្នកជំងឺកម្រមានការវិវត្តទៅភាពធ្ងន់ធ្ងរណាស់។ យ៉ាងណាម៉ិញ ប្រជាពលរដ្ឋដែលបានឆ្លង ហើយពុំបានចាក់វ៉ាក់សាំងទាល់តែសោះ គឺមានស្ថានភាពអាក្រក់ជាង ប្រជាពលរដ្ឋដែលឆ្លងហើយបានចាក់វ៉ាក់សាំងតាមកាលកំណត់ត្រឹមត្រូវ។
ពាក់ព័ន្ធនឹងការកើនឡើងនៃករណីវិជ្ជមានជាច្រើននៅរាជធានីភ្នំពេញនេះ រដ្ឋបាលរាជធានីក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយរាប់បញ្ចូលទាំងការផាកពិន័យ តាមមាត្រា២ នៃប្រកាសអន្តរក្រសួង របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ស្ដីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើល្មើស នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ការដាក់ពន្ធនាគារ ស្របតាមមាត្រា ១០មាត្រា ១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះ គឺមានការកំណត់ ចំនួនមនុស្សនៅតាមទីតាំងប្រមូលផ្ដុំ ដូចជាពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន ដោយត្រូវកំណត់ចំនួនមនុស្សមិនឱ្យលើស ៧នាក់ ក្នុង១តុ នោះទេ។
បច្ចុប្បន្នតាមការបញ្ជាក់របស់ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់កាលពីសប្ដាហ៍មុនថា មានទីតាំងព្យាបាលចំនួន២ គឺ ស្តាតអូឡាំពិក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯទីតាំងពិនិត្យ កូវីដ-១៩ ដោយប្រើប្រាស់ម៉ាស៊ីន PCR គឺមាន ៣ទីតាំងក្នុងរាជធានីភ្នំពេញ ដូចជា កោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ និងក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ អត្ថបទ៖ គឹមហុក
