អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) នេះ បានរិះគន់ចិន បន្ទាប់ពីប្រទេសនេះបានសម្រេចពន្យារពេលកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ត្រីភាគី ដែលមានពាក់ព័ន្ធនឹងកូរ៉េខាងត្បូងផងដែរ ខណៈដែលជម្លោះ ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Sanae Takaichi ជុំវិញបញ្ហាកោះតៃវ៉ាន់ បានបន្តឡើងកម្ដៅខ្លាំងទៅៗ។
នៅឯសន្និសីទសារព័ត៌មានមួយ នាយខុទ្ទកាល័យគណៈរដ្ឋមន្ត្រី លោក Minoru Kihara បានពណ៌នាការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ស្តីពីការសម្រេចចិត្តនោះថា ជា «ការធ្វើឲ្យល្អក់កកដល់ការផ្លាស់ប្តូរទ្វេភាគី រវាងប្រជាជន និងប្រជាជន» និង «ជាការផ្ទុយ» ទៅនឹងគោលដៅរួមរបស់ទីក្រុងតូក្យូ និងប៉េកាំង ដើម្បីកសាងទំនាក់ទំនងប្រកបដោយការស្ថាបនា និងស្ថិរភាព។

លោកស្រី Mao បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២០ ខែវិច្ឆិកាថា «ការកត់សម្គាល់ខុសឆ្គងធ្ងន់ធ្ងរ» របស់លោកស្រី Takaichi បានធ្វើឲ្យវាមិនអាចទៅរួចនោះឡើយ ក្នុងការរៀបចំកិច្ចប្រជុំដែលបានគ្រោងទុក នាថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងម៉ាកាវ ហើយបាន «បំផ្លាញមូលដ្ឋានគ្រឹះ និងបរិយាកាស» នៃកិច្ចសហប្រតិបត្តិការ ៣ភាគី។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកាថា ខ្លួនត្រូវបានជូនដំណឹងដោយប្រទេសចិន ២ថ្ងៃមុននេះថា កិច្ចប្រជុំត្រូវបានផ្អាក។ លោក Kihara បាននិយាយថា មិនមានការប្រកាសពាក់ព័ន្ធជាផ្លូវការនោះឡើយ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញការពន្យារពេលនេះ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន និងចិន បានជាប់នៅក្នុងជម្លោះការទូត ចាប់តាំងពីទីក្រុងប៉េកាំង បានរិះគន់យ៉ាងខ្លាំង ចំពោះការផ្ដល់ចម្លើយរបស់លោកស្រី Takaichi ទៅនឹងសំណួររបស់សភា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដែលថា ការវាយប្រហារដោយយោធាលើកោះតៃវ៉ាន់ អាចបង្ហាញពី «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ជប៉ុន ដោយគូសបញ្ជាក់ពីលទ្ធភាពនៃការឆ្លើយតប ទាក់ទងនឹងកងកម្លាំងស្វ័យការពាររបស់ទីក្រុងតូក្យូ៕
