ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅកាន់រដ្ឋ Kebbi ភាគខាងលិច ជាកន្លែងដែលក្មេងស្រីចំនួន ២៤នាក់ ដែលត្រូវបានចាប់ពង្រត់ពីសាលាបណ្ដុះបណ្ដាលរបស់ពួកគេ កាលពីដើមសប្តាហ៍នេះ នៅតែបាត់ខ្លួន។
ការបញ្ជាឲ្យលោករដ្ឋមន្ត្រី AlHajji Bello Matawalle «ធ្វើដំណើរទៅកាន់រដ្ឋ Kebbi ដើម្បីស្វែងរកក្មេងស្រីសិស្សសាលាចំនួន ២៤នាក់ ដែលត្រូវបានចាប់ពង្រត់នោះ» បានកើតឡើង នៅពេលដែលសម្ពាធកើនឡើងលើរដ្ឋាភិបាល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងខែនេះ បានគំរាមចាត់វិធានការយោធាលើអ្វីដែលលោកបានពិពណ៌នាថា ជាការសម្លាប់គ្រិស្តបរិស័ទនៅប្រទេសនីហ្សេរីយ៉ា ដែលជារឿងរ៉ាវដែលត្រូវបានបដិសេធដោយអាជ្ញាធរនីហ្សេរីយ៉ា។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា លោក Matawalle មាន «បទពិសោធក្នុងការដោះស្រាយជាមួយចោរប្លន់ និងការចាប់ពង្រត់មនុស្សជាក្រុមៗ» បន្ទាប់ពីលោកបានធានាការដោះលែងសិស្សចំនួន ២៧៩ នាក់ ដែលមានអាយុចន្លោះពី ១០ ទៅ ១៧ ឆ្នាំ ដែលត្រូវបានចាប់ពង្រត់ ពីសាលាមធ្យមសិក្សារបស់រដ្ឋ ក្នុងឆ្នាំ ២០២១ នៅភាគខាងលិចរដ្ឋ Zamfara។
មន្ត្រីរដ្ឋាភិបាលម្នាក់ បានប្រាប់សារព័ត៌មាន AFPថា រដ្ឋមួយផ្សេងទៀតគឺ Kwara នៅភាគខាងកើតនៃប្រទេសនេះ បានបញ្ជាឲ្យសាលារៀនមួយចំនួនបិទ បន្ទាប់ពីការវាយឆ្មក់ដ៏សាហាវមួយ នៅលើព្រះវិហារមួយ កាលពីថ្ងៃអង្គារ ។
ក្រុមខ្មាន់កាំភ្លើង បានវាយប្រហារលើពិធីបុណ្យមួយ នៅក្នុងរដ្ឋនេះ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងតិច ពីរនាក់៕
