រដ្ឋអាជ្ញាសហព័ន្ធអាមេរិក បានចោទប្រកាន់ជនជាតិចិន ២នាក់ និងពលរដ្ឋអាមេរិក ២នាក់ ពាក់ព័ន្ធនឹងគម្រោងដឹកជញ្ជូនបន្ទះឈីបកម្រិតខ្ពស់តម្លៃរាប់លានដុល្លារដែលផលិតដោយក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន ដោយនេះជាការរំលោភលើការរឹតបន្តឹងការនាំចេញ ពាក់ព័ន្ធនឹងសន្តិសុខជាតិ។
បើយោងតាមការចោទប្រកាន់ផ្លូវការដែលមិនត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានឲ្យដឹងថា បុរសទាំងនោះ បានប្រើប្រាស់ក្រុមហ៊ុនអចលនទ្រព្យក្លែងក្លាយ នៅទីក្រុង Tampa រដ្ឋ Florida ជាការបិទបាំង ដើម្បីធ្វើការដឹកជញ្ជូនបន្ទះឈីបរាប់រយ ឆ្លងកាត់ម៉ាឡេស៊ី និងចុងក្រោយទៅកាន់ចិន ដោយមិនបានស្នើសុំអាជ្ញាប័ណ្ណនាំចេញពីក្រសួងពាណិជ្ជកម្មអាមេរិកឡើយ។

គួរបញ្ជាក់ថា ច្បាប់របស់សហរដ្ឋអាមេរិកដែលកាត់បន្ថយលទ្ធភាពចូលប្រើប្រាស់របស់ចិន ចំពោះបន្ទះឈីបកម្រិតខ្ពស់ បានចាប់ផ្តើមយ៉ាងប្រាកដប្រជាកាលពី ៣ឆ្នាំមុន ហើយបានបន្តមាន ដោយសារក្ដីបារម្ភ ដែលថា បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) នឹងជួយពង្រឹងដល់យោធារបស់ចិន និងគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិន ក្នុងនោះរួមទាំងការបើកដំណើរការកម្មវិធីបច្ចេកវិទ្យា DeepSeek AI កាលពីខែមករាផងដែរ បានបង្កើនក្ដីភ័យខ្លាច នៅសហរដ្ឋអាមេរិក ដែលថា គូប្រជែងសេដ្ឋកិច្ចធំជាងគេរបស់ខ្លួន កំពុងស្វែងរកវិធី ដើម្បីគេចពីការរឹតបន្តឹង និងចូលប្រើបច្ចេកវិទ្យាដ៏រសើបរបស់អាមេរិក៕
