សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) បាននិយាយការពារលោកប្រធានាធិបតី Donald Trump បន្ទាប់ពីលោកបានប្រើប្រាស់ពាក្យសម្ដីធ្ងន់បន្តិចទៅលើអ្នកសារព័ត៌មានស្រី ដោយបានហៅក្នុងន័យធៀបថា «ល្ងង់ខ្លៅ» នៅពេលនារីរូបនោះសួរលោក អំពីការផ្ដនាទោសលើជនល្មើសផ្លូវភេទ គឺលោក Jeffrey Epstein ដែលបានស្លាប់ហើយ ដោយបញ្ជាក់ថា ការកត់សម្គាល់របស់ប្រធានាធិបតី បានឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ និងតម្លាភាពរបស់លោក។

ជាការឆ្លើយតបគ្នាទៅវិញទៅមក នៅលើយន្តហោះ Air Force One កាលពីសប្តាហ៍មុន ដែលតាំងពីពេលនោះបានចាប់ផ្តើមរាលដាល លោក Trump បានទៅកៀកនឹងអ្នកសារព័ត៌មាននោះ ចង្អុល ហើយនិយាយថា «ស្ងាត់មាត់ មនុស្សល្ងង់ខ្លៅ» នៅពេលរូបនាង សង្កត់សួរ អំពីអ៊ីម៉ែលរបស់សពលោក Epstein ដែលទើបនឹងត្រូវបានចេញផ្សាយ ដោយអ្នកហិរញ្ញវត្ថុនៅទីក្រុង New York រូបនោះ បានអះអាងថា លោក Trump «ដឹងអំពីក្មេងស្រីៗ»។
នៅពេលត្រូវបានសួរកាលពីថ្ងៃទី២០ ខែវិច្ឆិកា អំពីហេតុការណ៍នេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា អ្នកបោះឆ្នោតអាមេរិក បានបោះឆ្នោតជ្រើសរើសលោក Trump ឡើងវិញ ដោយសារភាពស្មោះត្រង់របស់លោក ហើយថា អ្នកសារព័ត៌មានគួរតែសរសើរ ចំពោះការបើកចំហរបស់លោក ក្នុងការឆ្លើយសំណួរ។
ជាមួយគ្នានេះ អំឡុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន ដោយមិនបានផ្ដល់ភស្តុតាងអំពីព័ត៌មានក្លែងក្លាយដែលត្រូវបានរាយការណ៍ លោកស្រី Leavitt បាននិយាយថា៖ «លោករិះគន់ព័ត៌មានក្លែងក្លាយ នៅពេលដែលលោកឃើញវា ហើយលោកមានការខកចិត្ត ចំពោះអ្នកសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានមិនពិត។ ប៉ុន្តែលោកក៏ផ្តល់នូវសិទ្ធិពិសេសមិនធ្លាប់មានដល់សារព័ត៌មាន និងឆ្លើយសំណួរស្ទើរតែរាល់ថ្ងៃ»៕
