ប្រតិបត្តិករនាវាទេសចរណ៍ចិន កំពុងប្រញាប់ប្រញាល់បង្វែរផ្លូវគេចពីកំពង់ផែរបស់ជប៉ុន ខណៈដែលទីក្រុងប៉េកាំង និងតូក្យូ ស្ថិតក្នុងជម្លោះការទូត ដែលត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានតម្រូវការ សម្រាប់វិស័យទេសចរណ៍ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមប្រភព និងកាលវិភាគនាវា ដែលត្រូវបានឃើញដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្នាក់ងារទេសចរណ៍ និងកំពង់ផែ បានឲ្យដឹងថា ភាពតានតឹងដែលបង្កឡើងដោយការកត់សម្គាល់ថ្មីៗពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន អាចបណ្តាលឲ្យអ្នកទេសចរចិនប្ដូរទិសដៅពីជប៉ុនទៅកូរ៉េខាងត្បូងវិញ។ កាលពីដើមខែនេះ លោកស្រី Sanae Takaichi បានប្រាប់សមាជិកសភាជប៉ុនថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ ដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន អាចបង្កឲ្យមានការឆ្លើយតបខាងយោធា។

នាវាទេសចរណ៍របស់ចិន Adora Magic City ដែលធ្វើដំណើរទៅកាន់កោះទេសចរណ៍ Jeju របស់កូរ៉េខាងត្បូង ក៏ដូចជាជប៉ុន បានផ្លាស់ប្តូរកាលវិភាគរបស់ខ្លួន សម្រាប់ខែធ្នូ ដើម្បីបញ្ចៀសការឈប់ចតនៅកំពង់ផែជប៉ុន Fukuoka, Sasebo និង Nagasaki ដូចដែលបានគ្រោងទុក។ នេះបើយោងតាមការជូនដំណឹងដែលបង្ហោះនៅលើគេហទំព័រនៃរដ្ឋបាលខេត្ត Jeju របស់កូរ៉េខាងត្បូង។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ជំនួសវិញ នាវាទេសចរណ៍នេះ នឹងចំណាយរយៈពេលពី ៣១ ទៅ ៥៧ម៉ោង នៅ Jeju ដែលយូរជាងកាលវិភាគធម្មតារបស់ខ្លួន ៩ម៉ោង។ មន្ត្រីម្នាក់មកពីខេត្ត Jeju បាននិយាយថា ប្រតិបត្តិករនាវាទេសចរណ៍បានស្នើសុំការផ្លាស់ប្តូរកាលវិភាគដោយមិនបានផ្តល់ហេតុផលឡើយ៕

