នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយនៅថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) នេះថា អំពើវិឆ្ឆេទកម្មដែលត្រូវបានបំផុសគំនិត និងរៀបចំដោយរុស្ស៊ី គឺមានបំណងបង្កអស្ថិរភាព និងធ្វើឲ្យប្រទេសប៉ូឡូញចុះខ្សោយ ហើយបញ្ហាញពីលក្ខណៈនៃ «អំពើភេរវកម្មរបស់រដ្ឋ»។
កាលពីចុងសប្តាហ៍ ការផ្ទុះមួយបានបង្កឲ្យមានការខូចខាតផ្លូវរថភ្លើង នៅលើផ្លូវ Warsaw-Lublin ដែលភ្ជាប់រដ្ឋធានីប៉ូឡូញ ជាមួយនឹងព្រំដែនអ៊ុយក្រែន ជាអ្វីដែលលោក Tusk បានពណ៌នាថា ជា «អំពើវិឆ្ឆេទកម្មមិនធ្លាប់មានពីមុន»។
លោក Tusk បាននិយាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍ថា ប៉ូឡូញបានកំណត់អត្តសញ្ញាណមនុស្ស ២នាក់ដែលត្រូវទទួលខុសត្រូវ ចំពោះការផ្ទុះនេះ ដោយបានបន្ថែមថា ពួកគេជាជនជាតិអ៊ុយក្រែនដែលបានសហការជាមួយចារកម្មរុស្ស៊ី ហើយថា ពួកគេបានភៀសខ្លួនទៅបេឡារុស។

ប៉ូឡូញបានស្នើឲ្យបេឡារុសធ្វើបត្យាប័នជនជាតិអ៊ុយក្រែនដែលត្រូវការខ្លួនទាំងនេះ ហើយបានបិទស្ថានកុងស៊ុលរុស្ស៊ី នៅទីក្រុង Gdansk ជាកន្លែងចុងក្រោយដែលនៅតែមានប្រតិបត្តិការក្នុងប្រទេសនេះ ក៏ដូចជាការដាក់ពង្រាយទាហានរាប់ពាន់នាក់ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ។
ទីក្រុងមូស្គូបានបដិសេធមិនពាក់ព័ន្ធ ដោយចោទប្រកាន់រដ្ឋាភិបាលប៉ូឡូញថា បាន «មានគោលនយោយប្រឆាំងរុស្ស៊ី» ហើយបានប្រាប់ថា ខ្លួននឹងកំណត់ផងដែរនូវវត្តមានផ្នែកការទូត និងកុងស៊ុលរបស់ប៉ូឡូញ នៅរុស្ស៊ី។
យ៉ាងណាក្ដី លោក Tusk បានប្រាប់សភាថា៖ «ព្រឹត្តិការណ៍ថ្មីៗ មិនមានអ្វីត្រូវសង្ស័យឡើយ នោះគឺថា រុស្ស៊ីកំពុងអនុវត្តដំណាក់កាលមួយផ្សេងទៀតនៃសង្គ្រាមកូនកាត់ ក្នុងគោលបំណងធ្វើប្រទេសរបស់យើងមានអស្ថិរភាព។ ប្រតិបត្តិការធ្វើអំពើវិឆ្ឆេទកម្មដែលត្រូវបានបំផុសគំនិត និងរៀបចំដោយផ្ទាល់ ពីសំណាក់ទីភ្នាក់ងាររបស់វិមានក្រឹមឡាំងជាច្រើនខែថ្មីៗនេះ បានទៅហួសបន្ទាត់ក្រហមហើយ ហើយឥឡូវនេះ គេអាចនិយាយអំពីអំពើភេរវកម្មរបស់រដ្ឋ»៕

