នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) នេះ បាននិយាយថា ប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងក្លាយជាពេលវេលាដ៏សំខាន់ សម្រាប់សំណើដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្រ្គាមជិត ៤ឆ្នាំ នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ផែនការ ២៨ចំណុចរបស់សហរដ្ឋអាមេរិកដែលគាំទ្រដោយលោកប្រធានាធិបតី Donald Trump អំពាវនាវឲ្យមានសម្បទានដ៏ធំពីទីក្រុងគីវ ក្នុងនោះរួមទាំងការព្រមលះបង់ទឹកដីភាគខាងកើតទៅឲ្យរុស្ស៊ី និងកាត់បន្ថយកម្លាំងយោធារបស់ខ្លួន ហើយហាក់ដូចជាបំពេញតាមការទាមទារជាច្រើនរបស់វិមានក្រឹមឡាំង បន្ទាប់ពីបានលុកលុយលើប្រទេសជិតខាងមួយនេះ នៅឆ្នាំ២០២២។
លោក Orban បានលើកឡើងនៅក្នុងបទសម្ភាសតាមវិទ្យុថា៖ «ផែនការសន្តិភាពនេះ រួមបញ្ចូលទាំងសំណើដែលរុស្ស៊ី និងអាមេរិក បានធ្វើការពិភាក្សាដំបូងរួចហើយ។ ខ្ញុំគិតថា យើងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ២ ឬ ៣សប្តាហ៍ខាងមុខ នឹងជាពេលវេលាដ៏សំខាន់»។
នាយករដ្ឋមន្ត្រីជាតិនិយមរូបនេះ បានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដោយជារឿយៗ បានជំទាស់ជាមួយបណ្ដាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ពាក់ព័ន្ធនឹងការដាក់សម្ពាធលើរុស្ស៊ី ជុំវិញការលុកលុយរបស់ប្រទេសនេះលើអ៊ុយក្រែន ហើយបានស្ដារទំនាក់ទំនងឡើងវិញជាមួយក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក Trump វិលត្រឡប់ទៅកាន់តំណែងវិញ៕
