ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) នេះថា ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានចាត់ទុកសេចក្ដីសម្រេចពីក្រុមប្រឹក្សាឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ (UN) ថា «ប្រឆាំងនឹងអ៊ីរ៉ង់» ហើយបានគំរាមកំហែងមានវិធានការតបត ដែលមិនបានបញ្ជាក់ច្បាស់លាស់។
កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានទាមទារឲ្យអ៊ីរ៉ង់សហការយ៉ាងពេញលេញជាមួយទីភ្នាក់ងារនេះ និងផ្តល់ «ព័ត៌មានច្បាស់លាស់» អំពីការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតជិតផលិតបានអាវុធរបស់ខ្លួន ក៏ដូចជាអនុញ្ញាតឲ្យមន្ត្រីអធិការកិច្ចរបស់ស្ថាប័នចូលទៅកាន់ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

តែយ៉ាងក្ដី នៅថ្ងៃសុក្រនេះ សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei ដែលបាននិយាយថា អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA ដែលមានមូលដ្ឋាននៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅក្នុងលិខិតថា បន្ថែមពីលើការបញ្ចប់កិច្ចព្រមព្រៀងដែលត្រូវបានបង្កើតឡើង នារដូវក្តៅ នៅទីក្រុងគែរ រដ្ឋាភិបាលអ៊ីរ៉ង់ អាចចាត់វិធានការផ្សេងទៀតជាការឆ្លើយតបទៅនឹងសេចក្ដីសម្រេចកាលពីថ្ងៃព្រហស្បតិ៍។
អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយ IAEA បន្ទាប់ពីមានសង្គ្រាមជាមួយអ៊ីស្រាអែល។ អគ្គនាយក IAEA លោក Rafael Mariano Grossi បន្ទាប់មកបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុងគែរ កាលពីដើមខែកញ្ញា ដើម្បីចាប់ផ្ដើមការត្រួតពិនិត្យឡើងវិញ៕
