វិមានក្រឹមឡាំង បានឲ្យដឹងនៅថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) នេះថា ទាហានអ៊ុយក្រែនប្រហែល ៥.០០០នាក់ ត្រូវបានជាប់នៅច្រាំងខាងកើតនៃទន្លេ Oskil ក្នុងតំបន់ Kharkiv នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវការអះអាងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឡើយ ហើយមិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ុយក្រែននោះដែរ។

រុស្ស៊ីបានប្រាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ខ្លួនបានគ្រប់គ្រងទីក្រុង Kupiansk ដែលជាទីក្រុងដ៏ធំមួយ នៅសងខាងទន្លេ Oskil ប៉ុន្តែអ៊ុយក្រែនបានបដិសេធថា ទីក្រុងនេះមិនបានដួលរលំនោះទេ។ លោក Peskov បាននិយាយថា វឌ្ឍនភាពនៅសមរភូមិរបស់រុស្ស៊ី គួរតែបញ្ចុះបញ្ចូលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ឲ្យព្រមចរចានៅពេលនេះ ជាជាងពេលក្រោយ។
លោកក៏បានគូសបញ្ជាក់ពីការអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍ ដែលលោកប្រធានាធិបតី Vladimir Putin បានធ្វើឡើងនៅពេលត្រូវបានប្រាប់ដោយនាយអគ្គសេនាធិការរបស់រុស្ស៊ី គឺលោក Valery Gerasimov ដែលថា ថ្នាក់ដឹកនាំនយោបាយរបស់អ៊ុយក្រែន មិនបានផ្តល់ការណែនាំដល់កងទ័ពអ៊ុយក្រែនឲ្យព្រមចុះចាញ់ឡើយ ទោះបីជាពួកគេកំពុងជាប់ក្នុងឡោមព័ទ្ធក៏ដោយ។
លោក Putin បានចោទប្រកាន់ទីក្រុងគីវថា មិនបានគិតពីជោគវាសនារបស់ទាហានខ្លួន ហើយបាននិយាយថា រឿងអាស្រូវពុករលួយដ៏ធំ នៅក្នុងអ៊ុយក្រែន បង្ហាញថា ប្រទេសនេះលែងត្រូវបានគ្រប់គ្រងដោយមេដឹកនាំនយោបាយទៀតហើយ ប៉ុន្តែដោយ «អង្គការក្រុមឧក្រិដ្ឋកម្ម»៕
