បុគ្គល ២នាក់ដែលដឹងអំពីបញ្ហានេះ បាននិយាយថា សហរដ្ឋអាមេរិកបានគំរាមកាត់បន្ថយការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងការផ្គត់ផ្គង់អាវុធ សម្រាប់អ៊ុយក្រែន ដើម្បីជំរុញឲ្យប្រទេសនេះយល់ព្រមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ប្រភពទាំង២ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ទីក្រុងគីវស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ពីទីក្រុងវ៉ាស៊ីនតោន ជាងអំឡុងពេលមានកិច្ចពិភាក្សាសន្តិភាពមុនៗ ហើយថា សហរដ្ឋអាមេរិកចង់ឲ្យអ៊ុយក្រែនចុះហត្ថលេខាលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ ហើយប្រភពមួយបានប្រាប់ថា៖ «ពួកគេចង់បញ្ឈប់សង្គ្រាម ហើយចង់ឲ្យអ៊ុយក្រែនមានការលះបង់»។
គួរបញ្ជាក់ថា គណៈប្រតិភូនៃមន្ត្រីយោធាជាន់ខ្ពស់អាមេរិក បានជួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy ក្នុងទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីផ្លូវឆ្ពោះទៅកាន់សន្តិភាព។
ឯកអគ្គរដ្ឋទូតអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន និងជាប្រធានកិច្ចការសាធារណៈរបស់កងទ័ព ដែលធ្វើដំណើរជាមួយគណៈប្រតិភូ បានពណ៌នាកិច្ចប្រជុំនេះថា ជាជោគជ័យ ហើយបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានស្វែងរក «ពេលវេលាឆាប់រហ័ស» សម្រាប់ការចុះហត្ថលេខាលើឯកសារ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន៕

