រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវតាមបង្ក្រាបក្រុមឧក្រិដ្ឋជន០៨នាក់ ជាប់ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្មចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់ BTV ឲ្យដឹងថា ៖ ជនសង្ស័យទាំង០៨នាក់ មាន០៧នាក់ជាមុខសញ្ញាដៃដល់ដែលធ្វើសកម្មភាព និងម្នាក់ទៀតគ្រាន់ជាអ្នកយករថយន្តធ្វើទៅរក្សាទុកប៉ុណ្ណោះ ។
ឯកឧត្តមស្នងការ បន្ថែមថា ៖ ក្រុមទាំងនេះ ជាមុខសញ្ញាយ៉ាងសកម្ម ចេញធ្វើសកម្មភាពនាពេលរាត្រីជាច្រើនករណី ដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុក ដើម្បីជំរិតទារប្រាក់តាមការចង់បានរបស់ពួកគេ ដោយក្រុមជនសង្ស័យបានស្លៀកពាក់ឯសណ្ឋានក្លែងបន្លំខ្លួនជាសមត្ថកិច្ចអាវុធហត្ថ តែជាក់ស្តែងពុំមានមុខរបរពិតប្រាកដនោះឡើយ ។
ឯកឧត្តមស្នងការ បញ្ជាក់គោលជំហរខ្ពស់ គឺត្រូវតែបង្ក្រាបដាច់ខាត រាល់អំពើ ឬបទល្មើសអសន្តិសុខទាំងឡាយណា ដែលជាកត្តាធ្វើប៉ះពាល់ដល់ពលរដ្ឋ ពិសេសភ្ញៀវជាតិ អន្តរជាតិ និងបណ្តាអ្នកមករកស៊ីវិនិយោគនៅកម្ពុជា ជាក់ស្តែងដូចករណីខាងលើ គឺត្រូវតែតាមស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសឲ្យដល់ឬសគល់ ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសជាតិ ។
គួរបញ្ជាក់ថា ៖ ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលទាំង១៤ខណ្ឌ និងបានធ្វើការពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយ កម្លាំងនគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងការបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចធ្វើការដកហូតវត្ថុុតាងរួមមាន ៖ រថយន្តតូយូតាព្រូស០២គ្រឿង , អាវុធខ្លីចំនួន០៤ដើម , គ្រាប់កាំភ្លើង ចំនួន៣៨គ្រាប់ , ទូរស័ព្ទដៃ០៦គ្រឿង , ខ្នោះដៃចំនួន០៧ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់នៅពេលខាងមុខ ។
គួររំលឹកថា ៖ អំពើចាប់បង្ខាំងជនជាតិចិនជំរិតទារប្រាក់ចុងក្រោយ ក្នុងចំណោមអំពើជំរិត០៦លើក បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទាបភ្លឺ ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យទាមទារប្រាក់ចំនួន ៥២០០០ដុល្លារ លើជនរងគ្រោះជាជនជាតិចិន ៕ លីហេង


